នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអ្នកជំនាញការ ទីប្រឹក្សា និងក្រុមការងារនៃធនាគារពិភពលោក ស្ដីពីស្ថានភាពនៃការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា និងដំណើការនៃការពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ព្រមទាំងការចែករំលែកបទពិសោធន៍នៃការការពិនិត្យឡើងវិញ និងការវិភាគមុខងាររបស់បណ្ដាប្រទេសមួយចំនួន ដោយមានអ្នកចូលរួមសរុបចំនួន១៣រូប។
អង្គប្រជុំបានពិភាក្សាទៅលើចំណុចសំខាន់ៗរួមមាន៖ ១).វឌ្ឍនភាពការងារនៃការអនុវត្តការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ២).ការកំណត់នូវបញ្ហាប្រឈម និងស្ថានភាពគន្លឹះមួយចំនួននៅក្នុងដំណើរការនៃការអនុវត្តកន្លងមក ៣).ការផ្ដល់នូវដំណោះស្រាយ និងចែករំលែកនូវបទពិសោធន៍នៃការអនុវត្តរបស់បណ្ដាប្រទេសមួយចំនួន ៤).ការត្រៀមខ្លួនសម្រាប់ការរៀបចំសិក្ខាសាលាជូនក្រសួង ស្ថាប័ន និងកិច្ចប្រជុំបច្ចេកទេសជាមួយការដ្ឋានកែទម្រង់ទាំង៥របស់រាជរដ្ឋាភិបាល និង៥).កិច្ចសហប្រតិបត្តិការបន្តជាមួយគ្នា។