សារស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល
សាលាភូមិន្ទរដ្ឋបាលមានអាយុកាលជាង ៥០ឆ្នាំហើយ ក៏ប៉ុន្តែស្ថាប័ននេះនៅតែមានសភាពក្មេងពេញកម្លាំង និងដាក់ភាពស្វាហាប់របស់ខ្លួនក្នុងការបម្រើសេវាកំណែទម្រង់រដ្ឋ និងបម្រើដំណើរការល្អរបស់រដ្ឋបាល នៃព្រះរាជាណាចក្រកម្ពុជា និងជាសាលាអនុវត្តន៍ ទទួលអាណត្តិពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីបណ្តុះបណ្តាលអនាគត មន្រ្តីក្របខ័ណ្ឌរដ្ឋបាល។ ម៉្យាងទៀត សាលាមានបេសកកម្មធ្វើការបណ្តុះបណ្តាលឲ្យស៊ីជម្រៅ និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដែលមានតំណែងរួចហើយ នៅក្នុងអំឡុងពេលបំពេញអាជីពរបស់ពួកគេ។
ឧបនិស្ស័យពីរស្ទួនគ្នានេះ មានគោលបំណងចម្បង ឆ្លើយតបនឹងតម្រូវការចាំបាច់នៃបេសកកម្មសេវាសាធារណៈ និងសម្របទៅតាមលក្ខខណ្ឌតម្រូវនៃការធ្វើទំនើបកម្មមុខងារសាធារណៈ។
នៅក្នុងគោលដៅនេះ សិស្ស និងកម្មសិក្សាការី ទទួលការបង្រៀនពីមន្រ្តីជាន់ខ្ពស់ដែលជាអ្នកថ្នឹកការ និងឆ្លើយតបទៅនឹងភាពប្រឈមដែលរដ្ឋបាលទំនើបត្រូវឆ្លងកាត់។ នៅក្នុងក្របខណ្ឌនេះ សាស្រ្តាចារ្យបង្រៀនដែលជាមន្រ្តីជាន់ខ្ពស់អនុវត្តបច្ចេកទេសគរុកោសល្យដែលផ្អែកលើការងារអនុវត្តន៍ និងការដាក់ឲ្យទៅជាស្ថានភាពជាក់ស្តែង ដោយបញ្ចូលចំណេះដឹងខាងទ្រឹស្តីទៅក្នុងតថភាពនៃសកម្មភាពស្ថាប័នបើកចំហទៅនឹងពិភពលោក។
នៅក្នុងគោលបំណងធ្វើឲ្យខ្លឹមសារនៃការបណ្តុះបណ្តាល និងលក្ខខណ្ឌនៃការអនុវត្តការបណ្តុះបណ្តាលនេះមានភាពប្រសើរជាអចិន្រ្តៃយ៍ សាលាផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅនឹងការភ្ជាប់ចំណងខាងស្ថាប័ន ជាមួយនឹងសាលាអនុវត្តន៍ដទៃទៀតទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ ដូច្នេះ សាលាភូមិន្ទរដ្ឋបាលចែករំលែកជាប្រចាំនូវបទពិសោធន៍ ជាមួយស្ថាប័នដែលប្រកាន់គំនិតច្នៃប្រឌិតយ៉ាងខ្លាំងក្លា ចំពោះការបណ្តុះបណ្តាលមន្រ្តីក្របខណ្ឌដឹកនាំរបស់រដ្ឋ ដែលធ្វើឲ្យសាលាអាចឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិនៃការបណ្តុះបណ្តាលបាន៕