loading

ប្រវត្តិសាលា

សាលាភូមិន្ទរដ្ឋបាលត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានាឆ្នាំ១៩៥៦ ដោយព្រះ រាជក្រមលេខ៨៥-នសចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ ១៩៥៦ តាមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះមហាវីរៈក្សត្រសមេ្តចព្រះវរ បីតាឯករាជ្យជាតិ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីសាលាភូមិន្ទរដ្ឋបាលត្រូវបានបង្កើតនៅឆ្នាំ ១៩៥៦ ក៏ពិតមែន តែវាមិនមែនជាគ្រឹះស្ថានទីមួយនៃជំនាញរដ្ឋបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ ព្រោះថានៅទីក្រុងប៉ារីសនាឆ្នាំ ១៨៨៦ អាជ្ញាធរបារាំងបានបើកសាលាមួយ ឈ្មោះសាលាបេសកកម្មខ្មែរ ដែលមានយុវជនខ្មែរចំនួនប្រមាណជាង១០នាក់ ទៅសិក្សាពីរដ្ឋបាលតាមវិធីនិងគំនិតបែបបស្ចិមប្រទេស។ រយៈពេល៣ ឆ្នាំ ក្រោយមក សាលានេះបានប្រែក្លាយជាសាលាអាណានិគម។

ចំណែកនៅកម្ពុជាវិញ ដោយការរីកដុះដាលផ្នែករដ្ឋបាលតម្រូវឲ្យមានមន្រ្តីរដ្ឋបាលថ្នាក់មធ្យមច្រើន ទើបគេឃើញ មានការបង្កើតសាលាក្រមការ នៅឆ្នាំ១៩១៤ សម្រាប់បណ្តុះបណ្តាលមន្រ្តី។ សាលានេះបានប្រែឈ្មោះជា សាលារដ្ឋបាលតុលាការខ្មែរវិញនៅឆ្នាំ១៩១៧ សម្រាប់បណ្តុះបណ្តាលអ្នករាជការក្នុងក្រុមរដ្ឋបាលផង ក្នុងក្រុមតុលាការផង ប៉ុនែ្តត្រូវបានបិទទ្វារវិញ នៅឆ្នាំ១៩៤៨-១៩៤៩។ ក្រោយពីប្រទេសកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ វិបត្តិខាងវិស័យរដ្ឋបាលដ៏ធ្ងន់ធ្ងរមួយបានផ្ទុះឡើងដោយសារមូលហេតុសំខាន់ៗពីរ ដោយសារអតីតមន្រ្តីជនជាតិបារាំងត្រូវត្រឡប់ទៅប្រទេសបារាំងវិញ និងម្យ៉ាងទៀត ដើម្បីកាន់កាប់ការងារជាច្រើនសម្រាប់រដ្ឋឯករាជ្យថ្មី ភ្នាក់ងាររដ្ឋបាល និងមន្រ្តីរាជការជាច្រើនត្រូវបានជ្រើសរើសនិងតែងតាំងទៅតាមមុខតំណែងផ្សេងៗ។ ជាងនេះទៅទៀត ការជ្រើសរើសដាច់ពីគ្នាដោយក្រសួងថ្មីៗនីមួយៗ បានបង្កឲ្យរដ្ឋបាលខ្មែរមានការខណ្ឌដាច់ពីគ្នា និងនៅផ្តុំគ្នាជាដុំៗមិនមានការបែងចែក ហើយការបណ្តុះបណ្តាលមិនមានភាពរលូនដែលធ្វើឲ្យប៉ះពាល់ដល់អំណាចនិងការឯកភាពរបស់រដ្ឋទៀតផង។

ដើម្បីដោះស្រាយបញ្ហាប្រឈម ក្រោមព្រះរាជតម្រិះផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ សាលាភូមិន្ទរដ្ឋបាលបានត្រូវបង្កើតដាច់ចេញពីវិទ្យាស្ថាន។ គំនិតផ្តួចផ្តើមនេះអាចសម្រេចទៅបានដោយសារការផ្តល់យោបល់របស់នាយកសាលាជាតិរដ្ឋបាលបារាំង និងការជួយជ្រោមជ្រែងជាប្រចាំពីអាជ្ញាធរខ្មែរ ព្រមទាំងការគាំទ្ររបស់បេសកកម្មជំនួយសេដ្ឋកិច្ច និងបច្ចេកទេសបារាំងប្រចាំនៅកម្ពុជា ពីមូលនិធិអាស៊ី និងផែនការកូឡុំបូ។

ចាប់តាំងពីការបង្កើតសាលាភូមិន្ទរដ្ឋបាល សាលាបានផ្លាស់ប្តូរឈ្មោះជាច្រើនលើកច្រើនសារ ដោយសារបញ្ហាសង្រ្គាមផ្ទៃក្នុង និងនយោបាយមិនច្បាស់លាស់ ហើយសាលាបានឆ្លងកាត់ដំណាក់កាលសំខាន់ៗដូចជា ៖

ឆ្នាំ១៩១៤សាលាក្រមការ
 ឆ្នាំ១៩១៧សាលារដ្ឋបាល និងយុត្តិធម៌កម្ពុជា
 ឆ្នាំ១៩៥៦-១៩៦៥សាលាភូមិន្ទរដ្ឋបាល (សម្ពោធដោយព្រះបាទ នរោត្តម សុរាម្រិត)
 ឆ្នាំ១៩៧២-១៩៧៥សាលាជាតិរដ្ឋបាល  (សាធារណរដ្ឋខ្មែរ)
 ឆ្នាំ១៩៨២-១៩៨៥សាលាកម្មាភិបាលរដ្ឋបាល និងនីតិសាស្ត្រ  (សាធារណរដ្ឋប្រជាមានិតកម្ពុជា)
 ឆ្នាំ១៩៩៣-១៩៩៤សាលាជាតិរដ្ឋបាល បន្ទាប់មកជាសាលាភូមិន្ទរដ្ឋបាល
 ឆ្នាំ១៩៩៥-២០១៣សាលាភូមិន្ទរដ្ឋបាលស្ថិតក្រោមទីស្ដីការគណៈរដ្ឋមន្រ្តី
 ឆ្នាំ២០១៣-បច្ចុប្បន្នសាលាភូមិន្ទរដ្ឋបាល ស្ថិតក្រោមក្រសួងមុខងារសាធារណៈ

២០១៣ មកទល់បច្ចុប្បន្ន៖ សាលាភូមិន្ទរដ្ឋបាល​ (ព្រះរាជក្រឹត្យ​ ​នស/រកត/០២១៤/១៩៥ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ដីពីការសម្រួល​ព្រះរាជក្រឹត្យលេខ​ នស/រកត/០៤៩៥/៤០ ​
ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ១៩៩៥ ស្ដីពី​បង្កើត​សាលាភូមិន្ទរដ្ឋបាល​) (ក្រោមឱវាទ​ក្រសួង​មុខងារសាធារណៈ)