ថ្ងៃទី១១ ខែកញ្ញា ២០២០
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០
ក្រោមកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានអភិវឌ្ឍធនធានមនុស្ស ប្រទេសកូរ៉េ, ទីភ្នាក់ងារ KOICA ប្រចាំប្រទេសកម្ពុជា និងសាលាភូមិន្ទរដ្ឋបាល បានរៀបចំ វគ្គបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាលមួយ ក្រោមប្រធានបទ៖
«Capacity Building for Civil Servants of the Royal School of Administration»
វគ្គសិក្សានេះត្រូវបានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
លោក ធន់ ប៊ុនធឿន ប្រធាននាយកដ្ឋានស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិនៃសាលាភូមិន្ទរដ្ឋបាល
និងជាតំណាងសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានមានប្រសាសន៍ថា៖
តាមពិតទៅវគ្គបណ្តុះបណ្តាលនេះ បើយោងលើការចុះកិច្ចព្រមព្រៀងរវាង សាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានអភិវឌ្ឍធនធានមនុស្ស(NHI) ប្រទេសកូរ៉េ គឺធ្វើឡើងចំនួន ៣វគ្គ សម្រាប់គម្រោងរយៈពេល ៣ឆ្នាំ ដែលវគ្គបណ្តុះបណ្តាលលើកនេះ គឺជាវគ្គទី២ សម្រាប់ឆ្នាំទី២។ ឆ្នាំនេះស្ថានភាព នៃការបណ្តុះបណ្តាល គឺធ្វើឡើងតាមរយៈអនឡាញ ដោយសារតែវិបត្តិនៃជំងឺ Covid19 ហើយខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីកូរ៉េ ជាពិសេស ថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថាន NHI និងKOICA ដែលប្រឹងប្រែងបន្តរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះ ទោះបីក្នុងស្ថានភាពដែលប្រទេសកូរ៉េកំពុងប្រឈមនឹងការកើនឡើងនៃជំងឺCOVID19 និងការរឹតត្បិត នៃការធ្វើដំណើរជុំវិញពិភពលោកក៏ដោយ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ ខ្ញុំ ក៏ដូចជាសិក្ខាកាមដទៃទៀត មានចិត្តសប្បាយរីករាយ និងពេញចិត្តជាខ្លាំង ដែលទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលផ្តល់ដោយសាស្ត្រាចារ្យ និងអ្នកជំនាញរបស់កូរ៉េ ពាក់ព័ន្ធនឹងខ្លឹមសារនៃមេរៀន និងការអនុវត្តជាក់ស្តែងជាច្រើន។
ជាពិសេសតាមរយៈការរៀបចំ Action Plan ដែលនឹងជួយដល់ការអភិវឌ្ឍសមត្ថភាព ក៏ដូចជាការបង្កើននូវជំនាញបន្ថែមទៀត ដល់ការអនុវត្តន៍ការងារឱ្យមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលការងារ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ដោយផ្អែកលើសមត្ថភាព (Competency-based curriculum) សម្រាប់សាលាភូមិន្ទរដ្ឋបាល ដែលសាលាគឺជាសាលាបណ្តុះបណ្តាលថ្នាក់ជាតិតែមួយគត់ សម្រាប់បណ្តុះបណ្តាលមន្ត្រីរាជការរបស់កម្ពុជា។