(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីការងារមនុស្សធម៌ដើម្បីសង្គម នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ដែលនេះជាកម្មវិធីការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម១ (វេនព្រឹក) នៃសាលាភូមិន្ទរដ្ឋបាល។
កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ស្ថិតក្នុងភូមិនាងគង្ហីង
សង្ដាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងត្រូវបានអញ្ជើញចូលរួមពីសំណាក់៖
– ឯកឧត្ដម ហាន កុសល អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
– លោក លោកស្រី តំណាងមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម១ (វេនព្រឹក) នៃសាលាភូមិន្ទរដ្ឋបាល។
បើតាមរបាយការណ៍សង្ខេបរបស់លោកប្រធានមជ្ឈមណ្ឌលបានអោយដឹងថា៖
មជ្ឈមណ្ឌលកុមារកំព្រានេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដើម្បីចិញ្ចឹមបីបាច់ថែទាំកុមារកំព្រា និងរងគ្រោះដោយរបបប្រល័យពូជសាសន៍ ប៉ុលពត។
ក្នុងឱកាសនេះផងដែរ លោក ម៉ម ភឿក តំណាងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ក្រុម១ (វេនព្រឹក)
បានឡើងថ្លែងក្នុងចំណាប់អារម្មណ៍របស់លោកថា៖
ថ្ងៃនេះខ្ញុំមានក្ដីរំភើបរីករាយឥតឧបមា ដោយបានចូលរួមក្នុងកម្មវិធីមនុស្សធម៌ ធ្វើអំពើល្អប្រកបដោយទឹកចិត្តសប្បុរសថ្លៃថ្លាជាមួយព្រះតេជគុណ ឯកឧត្ដម លោក លោកស្រី នាឱកាសដ៏វិសេសវិសាលនេះ។
ក្នុងនាមកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម១ (វេនព្រឹក) នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមគណៈអធិបតី ឯកឧត្ដម លោកជំទាវ លោក
លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីព្រឹកនេះ៕