loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទគោលនយោបាយសាធារណៈអន្តរជាតិសម្រាប់ឆ្នាំ២០២២ ស្តីពី “ការពង្រឹងភាពជាដៃគូរវាងអាស៊ាន-កូរ៉េក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ១៩ ដើម្បីកសាងអនាគតរួមគ្នា”

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទគោលនយោបាយសាធារណៈអន្តរជាតិសម្រាប់ឆ្នាំ២០២២ ស្តីពី “ការពង្រឹងភាពជាដៃគូរវាងអាស៊ាន-កូរ៉េក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ១៩ ដើម្បីកសាងអនាគតរួមគ្នា” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

តាមរយៈប្រសាសន៍របស់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ក្នុងពិធីបិទសន្និសីទបានមានប្រសាសន៍ថា៖ ក្នុងនាមក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល សូមសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាវាគ្មិនកិត្តិយស ដែលបានអញ្ជើញមកពីបណ្តាប្រទេសសមាជិកអាស៊ាន សាធារណរដ្ឋកូរ៉េ ប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងប្រើអស់នូវកម្លាំងថាមពល និងបញ្ញា ដោយមិនខ្លាចនឿយហត់ ក្នុងការចូលរួមចែករំលែក និងពិភាក្សាយ៉ាងផុសផុលក្នុងកម្មវិធីសន្និសីទពីរថ្ងៃនេះ។ សូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាដែលជាសិក្ខាកាមទាំងអស់ ដែលបានចូលរួម និងយកចិត្តទុកដាក់ ក្នុងការស្តាប់ និងទទួលយកនូវចំណេះដឹងល្អៗ និងបទពិសោធន៍ថ្មីៗ សម្រាប់ជាមូលដ្ឋានក្នុងការគិត ក៏ដូចជាការអភិវឌ្ឍសមត្ថភាព ទាំងក្នុងក្របខណ្ឌបុគ្គល និងអង្គភាព/ស្ថាប័ន។

ជាទីបញ្ចប់ ក្នុងនាមក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានស្រាវជ្រាវកូរ៉េនៃសាកលវិទ្យាល័យញូវសៅវែល និងរូបខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាវាគ្មិនកិត្តិយស ដែលបានផ្តល់នូវបទអន្តរាគមន៍ ដែលរួមមានទាំងចំណាប់អារម្មណ៍ អនុសាសន៍ បទបង្ហាញ ក៏ដូចជាកិច្ចពិភាក្សា ដែលធ្វើឱ្យកម្មវិធីទាំងមូលមានភាពទាក់ទាញ និងប្រព្រឹត្តិទៅដោយរលូន។ ជាពិសេស ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះមូលនិធិកូរ៉េ (Korea Foundation) ដែលបានគាំទ្រតាមរយៈវិទ្យាស្ថានស្រាវជ្រាវកូរ៉េនៃសាកលវិទ្យាល័យញូវសៅវែល ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង៕