(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងគណៈគ្រប់គ្រង និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អមដោយអាជ្ញាធរឃុំសំបុក និងអាជ្ញាធរស្រុកចិត្របុរី បានអញ្ជើញជាអធិបតីក្នុងការដំឡើងបង្គោលនិងអំពូលសូឡា ចំនួន ៤០ឈុត អមតាមសងខាងផ្លូវចាប់ពីរមណីយដ្ឋានព្រែកកាំពី រហូតដល់អន្លង់ផ្សោតកាំពី ក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ការរៀបចំដំឡើងបង្គោលនិងអំពូលសូឡា ចំនួន ៤០ឈុតនេះ ជាការដំឡើងលើកទី១ ដែលជាការអនុវត្តការងារសង្គមក្នុងកម្មវិធីអំពូលសូឡាបំភ្លឺសហគមន៍របស់សាលាភូមិន្ទរដ្ឋបាល ដែលគ្រោងរៀបចំដាក់អំពូលសូឡាបំភ្លឺនៅតាមបណ្ដោយផ្លូវស្របដងទន្លេមេគង្គ ក្នុងឃុំសំបុក និងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរពេលរាត្រី បង្កើនសោភ័ណភាព និងជំរុញទេសចរណ៍នៅតំបន់រមណីយដ្ឋានព្រែកកាំពី អន្លង់ផ្សោតកាំពី និងតំបន់ជុំវិញ។
កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់ចេនឡា បានចូលរួមឧបត្ថម្ភនូវបង្គោលនិងអំពូលសូឡា ចំនួន ៣១ឈុត និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់នគរភ្នំ បានចូលរួមឧបត្ថម្ភនូវបង្គោលនិងអំពូលសូឡា ចំនួន ២២ឈុត សរុបទាំងពីរថ្នាក់មានចំនួន ៥៣ឈុត(ក្នុងការដំឡើងលើកទី១នេះមានចំនួន ៤០ឈុត)។ ទន្ទឹមនឹងនេះ កម្មសិក្សាការីទាំងពីរថា្នក់ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពដំឡើងបង្គោលនិងអំពូលសូឡា ទាំង៤០ឈុត លើកនេះផងដែរ៕