loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនិងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយការងារសង្គមរបស់សាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយការងារសង្គមរបស់សាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ចើញចូលរួមផ្ទាល់ពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល និងចូលរួមតាមប្រព័ន្ធអនឡាញ (Microsoft Team) សរុបចំនួន ៦៤០ អង្គ/នាក់។

នៅក្នុងមតិសំណេះសំណាល ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងអំពីគម្រោងរបស់សាលាភូមិន្ទរដ្ឋបាលនៃការបង្កើតសហគមន៍បៃតង គឺការដាំកូនឫស្សីផ្អែមអោយបាន ១០,០០០ដើម ក្នុងមួយឆ្នាំនៅខេត្តក្រចេះ ក្រោមការឧបត្ថម្ភគាំទ្ររបស់ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងការបំពាក់អំពូលសូឡាបំភ្លឺសហគមន៍ផងដែរ។

ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ដែលបានជួយ និងបន្តជួយដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីសាលាយកទៅធ្វើការងារសង្គមផ្សេងៗក្នុងការជួយដល់ជាតិមាតុភូមិកម្ពុជា។

ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានជូនពរដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាគណៈគ្រប់គ្រងសាលា សាស្រ្តាចារ្យ អតីតកម្មសិក្សាការី សិស្សមន្ត្រី សិក្ខាកាមវគ្គខ្លី និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាកម្មសិក្សាការីវគ្គវិក្រឹតការ ឆ្នាំ២០២២ សិស្សមន្រ្តី និងសិក្ខាកាមវគ្គខ្លី នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕