loading

ព័ត៌មានលម្អិត

ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តី​ក្រសួង​​មុខងារសាធារណៈ បាន អញ្ជើញ​ជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ​ក្រសួងមុខងារសាធារណៈ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ អស់លោក​ លោកស្រី ជាអគ្គនាយករង អគ្គាធិការរង ប្រធាន​នាយកដ្ឋាន និងអធិការ ព្រមទាំងអនុប្រធាននាយកដ្ឋាន ប្រធាន​ការិយាល័យ និងអនុការិយាល័យដែល​ទទួល​បាន​ការតែងតាំងនិងសម្រួលភារកិច្ច​ទៅបម្រើការងារតាម​អង្គភាព​នានា ក្រោមឱវាទក្រសួងមុខងារសាធារណៈ សរុបអ្នកចូលរួមចំនួនប្រមាណ៣៥០នាក់។ ទន្ទឹមនោះ ក៏​មាន​ការរៀបចំការចូលរួមតាមប្រព័ន្ធ​អនឡាញ (Zoom) ជូនដល់មន្រ្តីរាជការផ្សេងទៀត​នៃក្រសួងមុខងារ​សាធារណៈ និងមន្ទីរមុខងារសាធារណៈ​រាជធានី-ខេត្តទាំងអស់ផងដែរ។

សូមជម្រាបជូនថា អនុវត្តតាមអនុក្រឹត្យរាជរដ្ឋាភិបាលលេខ១៣៤ អនក្រ.បក ចុះថ្ងៃទី១០ ខែសីហា ឆ្នំា២០២២ ស្តីពី​ការកែសម្រួល​រចនាសម្ព័ន្ធ​ តួនាទី និងភារកិច្ច​របស់​អង្គភាព​ចំណុះក្រសួងមុខងារសាធារណៈ ក្រសួង​បាន​ចេញ​​ប្រកាសពីការរៀបចំនិងការប្រព្រឹត្តទៅ​របស់ការិយាល័យចំណុះនាយកដ្ឋាន និងអង្គភាពនៃអគ្គនាយកដ្ឋាន និង​អគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ។

ជាកិច្ចចាប់ផ្តើម លោក សូលី វណ្ណប៉ុក ប្រធាននាយកដ្ឋាន​គ្រប់គ្រងបុគ្គលិក បានអានប្រកាសតែងតាំង​និង​សម្រួល​ភារកិច្ច​មន្ត្រីជាអនុប្រធាននាយកដ្ឋានចំនួន ៨៩នាក់ មន្ត្រីជាប្រធានការិយាល័យចំនួន ៤២នាក់ និងអនុ​ប្រធាន​ការិយាល័យចំនួន ៧៤នាក់។

បន្ទាប់ពីការបេ្តជ្ញាចិត្តរបស់​ លោក ពេជ្រ សុជាតិ អនុប្រធាននាយកដ្ឋានតំណាងឱ្យមន្រ្តីរាជការដែលទើបទទួល​កា​រតែងតាំង​ថ្មី​រួចមក ឯកឧត្តម ព្រុំ សុខា បានថ្លែងមតិទៅកាន់​អង្គពិធីទាំងមូល​ ដោយសង្កត់ធ្ងន់​ពីសារៈសំខាន់​នៃការកសាង ពង្រឹងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស​ប្រកបដោយនវានុវត្តន៍ ដែលជាផ្នែកមួយ​យ៉ាងសំខាន់នៃការអនវុត្តជាក់ស្តែងនូវគោលនយោបាយ​កំណែទម្រង់រដ្ឋបាលសាធារណៈ ស្រប​តាមយុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងកោតសរសើរដល់​មន្រ្តីរាជការទាំងអស់​របស់ក្រសួងមុខងារ​សាធារណៈ​ដែលក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅ ​បានខិតខំ​ចូលរួមយ៉ាងសកម្ម​ជាមួយមន្រ្តីរាជការ និង​ប្រជា​ពលរដ្ឋ​នៅទូទាំងប្រទេស គាំទ្រ​យ៉ាងក្លៀវក្លាចលនាជាតិ​ ក្រោមមគ្គុទេសភាពដ៏ថ្លៃថ្លា និងភ្លឺស្វាង​របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់​ប្រក្រតីភាពជាធម្មតា​ឡើងវិញ​ដូចសព្វថ្លៃ។

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងផ្តាំផ្ញើ​ដល់​មន្រ្តីទទួលតំណែងថ្មី​ តាមរយៈការ​ប្រឡងផ្ទៃក្នុង ​តាមលក្ខណៈគុណាធិបតេយ្យ ត្រូវ​ពង្រីកសមត្ថភាព និងគុណភាពស្នាដៃការងារ​របស់ខ្លួន​ជាបន្ត​ទៀត​ ដើម្បី​សក្តិសមនឹងទំនុកចិត្ត​របស់រាជរដ្ឋាភិបាល​ និងប្រជាពលរដ្ឋ និងឆ្លើយតបបានទាន់ពេល​វេលានូវ​ការ​វិវត្ត​​ប្រែប្រួល​ឆាប់រហ័ស​នៃសភាពការណ៍សាកលលោក និងក្នុងតំបន់​ ក៏ដូចជា​ស្ថានភាពជាក់ស្តែង​នៃបរិបទ​កម្ពុជា។ ទន្ទឹមនោះត្រូវខិតខំសម្របខ្លួនដើរឱ្យទាន់ការរីកចំរើន​នៃបច្ចេកវិទ្យា​ក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម​៤.០ ចូលរួមពង្រឹងបុព្វហេតុ​សុខសន្តិភាព និងការអភិវឌ្ឍ​ ដើម្បីអនាគត​រុងរឿង​របស់​មាតុភូមិ​និងប្រជាជន​កម្ពុជា​​យើង៕