(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល ណែនាំពីការបណ្ដុះបណ្ដាល បទបញ្ជាផ្ទៃក្នុង និងរដ្ឋបាលសិក្សា សម្រាប់វគ្គវិក្រឹតការមន្ត្រីមធ្យម ឆ្នាំ២០២២។
លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបន្តនៃសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍នៅក្នុងរបាយការណ៍ថា៖ វគ្គវិក្រឹតការមន្រ្តីមធ្យម ៖ មកពី ៦២ក្រសួង ស្ថាប័ន / ថ្នាក់ក្រោមជាតិ ២៥ស្ថាប័ន សរុប ២៩៩អង្គនាក់/ ស្រី៧៦នាក់។
ក្នុងកម្មវិធីសំណេះសំណាលនេះ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានសម្ដែងការកោតសរសើរចំពោះកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីមធ្យម ឆ្នាំ២០២២ ទាំងអស់ ដែលអញ្ជើញមកទទួលការសិក្សានៅសាលាភូមិន្ទរដ្ឋបាល។ បន្ថែមពីនេះ ឯកឧត្ដមនាយកក៏បានបញ្ជាក់យ៉ាងច្បាស់អំពីបាវចនាទាំងបួនរបស់សាលាភូមិន្ទរដ្ឋបាលគឺ៖ វិន័យ គុណភាព គុណធម៌ នវានុវត្តន៍ ការគោរពវិន័យក្នុងការទទួលយកនូវចំណេះដឹងបន្ថែមថ្មីៗ ការពង្រឹងស្មារតី សីលធម៌ មនសិការវិជ្ជាជីវៈ ការស្គាល់ខ្លួនឯង ភក្ដីភាព នវានុវត្តន៍ និងការទទួលខុសត្រូវ គឺជាគោលដៅសំខាន់នៃការបណ្ដុះបណ្ដាលនេះផងដែរ ដើម្បីរួមចំណែកពង្រឹង និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈរបស់ប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជានិរន្តន៍ទៅមុខ។
ឯកឧត្ដមនាយកក៏បានជំរុញ និងលើកទឹកចិត្តដល់កម្មសិក្សាការី ទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងលើកកម្ពស់ដល់វិស័យសេវាសាធារណៈ ក៏ដូចជាការថែរក្សាសុខភាពផ្ទាល់ខ្លួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីទទួលបាននូវជោគជ័យក្នុងការងារ និងជីវិតប្រចាំថ្ងៃផងដែរ៕