(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល សិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលទើបប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
តាមរយៈប្រសាសន៍ស្វាគមន៍ ឯកឧត្ដម បានផ្ដល់ការណែនាំ អំពីគោលការណ៍ទូទៅ និងកម្មវិធីសិក្សា ព្រមជាមួយការជម្រុញលើកទឹកចិត្ត ដល់សិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលត្រូវមករៀននៅក្នុងសាលាភូមិន្ទរដ្ឋបាល ត្រូវយកចិត្តទុកដាក់ និងព្យាយាមរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ពីសាស្ត្រាចារ្យដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ ក្នុងការបង្ហាត់បង្រៀន ដើម្បីយកទៅបម្រើការងារអោយមានគុណភាព និងគុណផលខ្ពស់នៅតាម ក្រសួង-ស្ថាប័ននាថ្ងៃខាងមុខផងដែរ៕