(ខេត្តក្រចេះ)៖ កាលពីថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១
កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល នៃសាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០២១ ក្រុម១ (វេនព្រឹក) បានរៀបចំ កម្មវិធីមនុស្សធម៌ផ្សារភ្ជាប់ទស្សនកិច្ចសហគមន៍ នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលដឹកនាំដោយ លោកគ្រូសម្របសម្រួល និងលោកគ្រូជំនួយ ក្រោមអធិបតីភាព ឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ។
គោលបំណង នៃការបង្កើតកម្មវិធីមនុស្សធម៌នេះឡើង គឺដើម្បីស្វែងយល់ពីស្ថានភាព របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងពង្រឹងចំណងសាមគ្គីភាព តាមរយៈការធ្វើទស្សនកិច្ចផ្សារភ្ជាប់ជាមួយការងារសង្គម ដោយបាននាំយកនូវអំណោយសប្បុរសធម៌មួយចំនួន រួមមាន៖ ភួយសំឡី នំ និងទឹកបរិសុទ្ធ ចែកជូនដល់លោកតា លោកយាយចាស់ជរា នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ សរុបចំនួន ៨២នាក់ ផ្តល់សម្ភារសិក្សាដល់ កុមា និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាកាំពី ប្រមាណជាង ១០០នាក់។ បានជួយបំពាក់នូវអំពូលសូឡាចំនួនពីរ ជូនដល់មណ្ឌលសុខភាពសំបុក ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងបានចូលរួមជាបច្ច័យមួយចំនួន ដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត ព្រមទាំងបានជួយឧបត្ថម្ភនូវថវិកាមួយចំនួន ដល់មូលដ្ឋានឃុំសំបុក ដើម្បីជួយគាំទ្រដល់គម្រោងកម្មវីធីអភិវឌ្ឍសហគមន៍បៃតង ក្នុងឃុំសំបុក ផងដែរ។
ក្នុងដំណើរទស្សនកិច្ចពីរថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែធ្នូ នេះផងដែរ កម្មសិក្សាការីក៏បានឆ្លៀតឱកាសទៅទស្សនាវិមាន ២ធ្នូ នៅស្រុកស្នួល ដំណើរកំសាន្តទៅទស្សនាវត្តព្រះវិហារសរសរ ១០០ នៅស្រុកសម្បូរណ៍ ខេត្តក្រចេះ និងតំបន់ទេសចរណ៍ផ្សេងៗទៀត ដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបានធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យក្រចេះ
ដែលទទួលបាននូវការចែករំលែកបទពិសោធន៍បន្ថែម លើការគ្រប់គ្រងអង្គភាព តាមរយៈការធ្វើបទបង្ហាញពីសំណាក់ តំណាងគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យក្រចេះ ផងដែរ។
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល នៃសាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០២១ ក្រុម១ (វេនព្រឹក) ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕