(ខេត្តក្រចេះ)៖ កាលពីថ្ងៃសៅរ៍ ១៥រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១
កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុម២ (វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល ចុះអនុវត្តសកម្មភាពការងារសង្គមនៅឃុំកោះច្រែង សុក្រចិត្របុរី ខេត្តក្រចេះ ក្រោមប្រធានបទ “ការរស់នៅប្រកបដោយគុណធម៌” ក្រោមអធិបតីភាព ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។ សូមបញ្ជាក់ថា៖ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុម២ (វេនរសៀល) មានចំនួន ១៣៧អង្គ/នាក់ ដោយបាននាំយកអំណោយសប្បុរសធម៌មួយចំនួនជូនដល់ សិស្សានុសិស្សក្រីក្រ នៅសាលាបឋមសិក្សាភូមិព្រែក លោកតាលោកយាយចាស់ជរា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងទេយ្យទាន និងបច្ច័យប្រគេនដល់ ព្រះសង្ឃ ដែលក្នុងនោះរួមមានសម្ភារប្រើប្រាស់ សម្ភារសិក្សា រទេះរុញជនពិការ ម៉ាស អាល់កុល ក្រមា អាវរងា និងជួយកសាងក្លោងទ្វារប៉ុស្ដិ៍សុខភាពកោះច្រែងផងដែរ។
លោកស្រី ណុប សុគន្ធ តំណាងកម្មសិក្សាការីមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាកម្មសិក្សាការីក្នុងវគ្គនេះ បានមានប្រសាសន៍ថា យើងខ្ញុំជាកម្មសិក្សាការីចុះការងារសង្គមនៅក្នុងថ្ងៃនេះ គឺក្រោមប្រធានបទ “ការរស់នៅប្រកបដោយគុណធម៌” ក្នុងគោលបំណង៖
– ទី១៖ បង្កើតបង្កើនចំណងមិត្តភាព សាមគ្គីភាពរវាងកម្មសិក្សាការី និងសាលាភូមិន្ទរដ្ឋបាល ដែលហៅកាត់ថា សាលាអឺរ៉ា(ERA) ហើយនឹងរវាងកម្មសិក្សាការី និងកម្មសិក្សាការី ដែលយើងទាំងអស់គ្នាបានអញ្ជើញ មកចម្រុះគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋ ដោយពួកយើងបានកសាងកេរ្តិ៍ឈ្មោះដែលមានអនុស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើន។
– ទី២៖ ដើម្បីផ្សាភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែង មន្រ្តីរាជការផ្សាភ្ជាប់នឹងថ្នាក់មូលដ្ឋាន។ ម្យ៉ាងទៀតយើងខ្ញុំមានឱកាសបានជួបគ្នាបានតែក្នុងឱកាសនេះទេ ដោយសារតែសម័យកាលកូវីដ យើងរស់នៅតាមកន្លងថ្មី តាមគោលការណ៍របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលណែនាំ ព្រមទាំងអនុវត្តតាមគោលការណ៍សាលាភូមិន្ទរដ្ឋបាល ក្នុងឆ្នាំសិក្សា២០២១នេះ យើងរៀនបានតែតាមអនឡាញទេ ទើបថ្ងៃនេះយើងខ្ញុំ បានជួបស្គាល់មុខប្រាស្រ័យទាក់ទងគ្នាផ្ទាល់នៅក្នុងរយៈពេលពីរថ្ងៃមួយយប់នេះ។
– ទី៣៖ សកម្មភាពនេះអាចជាទុនក្នុងការធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ ឱ្យចេះស្រលាញរាប់អានគ្នា ចេះបរិច្ចាគនូវសេចក្តីសុខ រវាងគ្នា និងគ្នា ដែលជំរុញឱ្យកម្មសិក្សាការី ឬក៏យុវជនយើងទាំងអស់ប្រព្រឹត្តនូវអំពើល្អ ដោយស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន និងធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរជាងមុន។
ជាចុងក្រោយយើងខ្ញុំទាំងអស់គ្នាជាកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុម២ (វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល សូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំសាលា ដែលបានអនុញ្ញាត និងផ្តល់ឱកាសដ៏វិសេសវិសាល ដល់កម្មសិក្សាការីយើងខ្ញុំបានចុះអនុវត្តសកម្មភាពការងារសង្គមប្រកបដោយជោគជ័យ និងមានអត្ថន័យដ៏ជ្រាលជ្រៅមិនអាចបំភ្លេចបាន ហើយសូមអរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសាស្ត្រាចារ្យនៃសាលាភូមិន្ទរដ្ឋបាល បានផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ល្អៗដល់ពួកយើងខ្ញុំទាំងអស់គ្នានេះ។
នៅល្ងាចថ្ងៃដដែលនោះ កម្មសិក្សាការីទាំងអស់បានរៀបចំពិធីសូត្រមន្តលើករាសី និងប្រគល់អំណោយជាសារ៉ុង ក្រមា និងអាវរងារ ជូនដល់ លោកតាលោកយាយចាស់ជរាជាច្រើននាក់ផងដែរ។ បន្ទាប់មកកម្មសិក្សាការីទាំងអស់បានរៀបចំពិធីពិសាអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងសាមគ្គីភាព ក្នុងស្មារតីគោរពស្រលាញ់ រាប់អានគ្នាទៅវិញទៅមក ហើយក៏មានកម្មវិធីរាំលេងកម្សាន្តសប្បាយនាឱកាសនោះផងដែរ៕