(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី បញ្ចប់វគ្គសិក្សារបស់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម២ (វេនរសៀល) នៅសាលាភូមិន្ទរដ្ឋបាល។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះមានកម្មសិក្សាការី ចំនួនសរុប ៧៦អង្គ/នាក់ ដែលបានសិក្សាតាមប្រព័ន្ធអនឡាញ តាំងពីដើមដល់ចប់។
ក្នុងប្រសាសន៍ស្វាគមន៍របស់ ឯកឧត្ដមនាយកសាលា ឯកឧត្ដមបានលើកទឹកចិត្តដល់កម្មសិក្សាការីដែលបានបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល ត្រូវចេះចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក នៅពេលចូលបម្រើការងារនៅតាមអង្គភាពរៀងៗខ្លួនវិញ ដើម្បីរួមគ្នា ជួយឱ្យប្រទេសកម្ពុជា បន្តការរីកចម្រើនទៅមុខប្រកបដោយសន្តិភាព។
ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងទៀតថា ការសិក្សាទាំងឡាយមិនមែនបញ្ចប់ត្រឹមនេះនោះទេ គឺមានបន្តទៅមុខទៀតសម្រាប់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នា ដូចនៅក្នុងទ្រឹស្ដីនៃការសិក្សាពេញមួយជីវិត។
ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងទៀតថា «ការចែករំលែក គឺជាធម្មទានមួយដ៏មានតម្លៃបំផុត ធម្មទានមានតម្លៃជាងទានអ្វីៗទាំងអស់ ដោយសារអ្វី? ដោយសារយើងឱ្យគេ គេបានទទួល យើងអ្នកឱ្យនេះក៏បានមកដែរ បានប្រយោជន៍ទាំងអស់គ្នា, សូមបើកចិត្តឱ្យទូលាយ ក្នុងការចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមក»។
លើសពីនេះ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានលើកទឹកចិត្តដល់ កម្មសិក្សាការី ដែលបានបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល សូមចូលរួមធ្វើកិច្ចការមនុស្សធម៌ជួយដល់សង្គម និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្វះខាតផង។
ជាចុងក្រោយ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានលើកទឹកចិត្តដល់ កម្មសិក្សាការី បន្ថែមទៀតថា នៅពេលទទួលបានចំណេះដឹងពីការសិក្សានេះហើយ ត្រូវយកចំណេះដឹងទាំងនោះទៅបំពេញការងារឱ្យបានត្រឹមត្រូវ ពិសេសត្រូវមានព្រហ្មវិហារធម៌ ពោលគឺ មេត្តា ករុណា មុទិតា ឧបេក្ខា ដែលជាធម៌ដ៏សំខាន់បំផុតក្នុងការទ្រទ្រង់ខ្លួនឯង ទ្រទ្រង់គ្រួសារ ទ្រទ្រង់សហគមន៍ និងទ្រទ្រង់ប្រទេសជាតិទាំងមូល។ ព្រហ្មវិហារធម៌ជាគ្រឹះនៃការកសាងនូវសេចក្ដីសុខ និងសុភមង្គល។
សូមជម្រាបថា ក្នុងពេលសិក្សាវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់កន្លងទៅនោះ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំកម្មសិក្សាការី ធ្វើសកម្មភាពមនុស្សធម៌ជាច្រើន ដូចជា ចុះជួយការងារមនុស្សធម៌នៅ សាលាបឋមសិក្សាត្រពាំងទ្រាំង ស្ថិតក្នុងភូមិត្រពាំងទ្រាំង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងនោះដែរ ដោយមើលឃើញជាក់ស្តែង នូវការខ្វះខាតរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទីនោះ កម្មសិក្សាការីទាំង ៧៦អង្គ/នាក់ ខាងលើ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានសាមគ្គីគ្នា ចូលរួមជាថវិកាសាងសង់អគារស្នាក់នៅសម្រាប់ លោកគ្រូ អ្នកគ្រូ ១ខ្នង និងជីកស្រះទឹកមួយទាំងមូល សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់សាលា ក៏ដូចជា សេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិផងជាមួយគ្នាផងដែរ៕