loading

ព័ត៌មានលម្អិត

ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់បាឋកថាស្ដីពី «វិជ្ជាជីវៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា»

(រាជធានីភ្នំពេញ)៖ នៅថ្ងៃពុធ ៥រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាភូមិន្ទរដ្ឋបាល

ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបាឋកថាតាមប្រព័ន្ធអនឡាញ ស្ដីពី «វិជ្ជាជីវៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង និងមន្ត្រីរាជការ ព្រមទាំងកម្មសិក្សាការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល។

តាមប្រសាសន៍មតិស្វាគមន៍របស់ ឯកឧត្ដមនាយករងសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា៖ ថ្ងៃនេះក្នុងនាមគណៈគ្រប់គ្រងសាលា ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងកម្មសិក្សាការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល មានកិត្ដិយសដ៏ខ្ពង់ខ្ពស់ ដែល ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមផ្ដល់បាឋកថានាពេលនេះជូនកម្មសិក្សាការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល។

ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ កម្មសិក្សាការីទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល  សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារៈសំខាន់របស់ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសូមចាត់ទុកការចូលរួមចំណែកនេះជាសកម្មភាពយ៉ាងថ្លៃថ្លា ក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាម គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕