loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតី កម្មវិធីការងារមនុស្សធម៌ដើម្បីសង្គម នៅក្នុងសាលាបឋមសិក្សាត្រពាំងទ្រាំង ស្រុកចិត្របុរី ខេត្តក្រចេះ

(ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំ នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីការងារមនុស្សធម៌ដើម្បីសង្គម នៅក្នុងសាលាបឋមសិក្សាត្រពាំងទ្រាំង ស្ថិតក្នុងភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ រៀបចំដោយ៖ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម២ (វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល។
កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយ៖
– លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម២ (វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល
– លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស សរុបប្រមាណជាង ៥០០អង្គ/នាក់។

លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលសុ្រកចិត្របុរី បានអោយដឹងថា៖
សាលាបឋមសិក្សាត្រពាំងទ្រាំង គឺមានបន្ទប់សិក្សាចំនួន ៧បន្ទប់ សិស្សសរុប ២២៦នាក់ (ស្រី១០០នាក់) លោកគ្រូ អ្នកគ្រូ សរុប ៧នាក់ (ស្រី ៥នាក់)។
បច្ចុប្បន្នសាលាបឋមសិក្សាត្រពាំងទ្រាំងកំពុងមានបញ្ហាប្រឈមដូចខាងក្រោម៖
១- អគារសិក្សាមានសភាពចាស់ទ្រុឌទ្រោម
២- គ្រូបង្រៀនធ្វើដំណើឆ្ងាយពីផ្ទះមកសាលារៀន
៣- សិស្សមួយចំនួន ឪពុកម្ដាយមានជីវភាពខ្វះខាត
៤- សិស្សមួយចំនួនអនុវត្តមិនបានខ្ជាប់ខ្ជួននូវវិធានការការពារនៃការឆ្លងជំងឺកូវីដ-១៩។

លោក ផា ច័ន្ទរ៉ា តំណាងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម២ (វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល បានផ្តល់ចំណាប់អារម្មណ៍ សំដែងនូវគារវកិច្ចដ៏ស្មោះសរ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដែលបានផ្តល់កិត្តិយស ឆ្លៀតពេលដ៏មមាញឹក ចូលរួមជាអធិបតី ក្នុងកម្មវិធីមនុស្សធម៌ ដើម្បីការងារសង្គម រៀបចំដោយ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម២ (វេនរសៀល) នៅសាលាបឋមសិក្សាត្រពាំងទ្រាំង ភូមិត្រពាំងទ្រាំង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃនេះ។

ដោយបានការអនុញ្ញាតពី កម្មសិក្សាការីទាំង ៧៦ អង្គ/នាក់
ខ្ញុំបាទសូមមានចំណាប់អារម្មណ៍អំពីការងារមនុស្សធម៌ដែលយើងទាំងអស់គ្នាកំពុងប្រារព្ធពិធីនាពេលនេះ ដូចខាងក្រោម៖
– អនុវត្តតាម គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDG) របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ជាមគ្គទេសក៍ដ៏ឧត្តុង្គឧត្តមក្រៃលែង ក្នុងការបង្កើតសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ការលើកស្ទួយ និងអភិវឌ្ឍន៍ធនធានមនុស្ស
ក្នុងព្រះរាជាណាចក្រកម្ពុជា
-អនុវត្តតាម កម្មវិធីរបស់សាលាភូមិន្ទរដ្ឋបាល ដែលមាន ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ
និងជានាយកសាលាភូមិន្ទរដ្ឋបាល ដែលជាអធិបតីនៃពិធីរបស់យើងនាពេលនេះ
-យោងតាមស្មារតី សាមគ្គីភាព របស់កម្មសិក្សាការី នៃវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម២ (វេនរសៀល) ក្នុងការចូលរួមការងារសង្គម
តាមការដឹកនាំ និងចង្អុលបង្ហាញរបស់សាលាភូមិន្ទរដ្ឋបាល
-កម្មសិក្សាការីទាំង៧៦អង្គ/នាក់ មកពីចំរុះក្រសួង-ស្ថាប័ន បានចាប់ផ្តើមវគ្គសិក្សារបស់ខ្លួន ហើយទាំងអស់គ្នាតែងតែពិភាក្សាគ្នា រៀបចំគម្រោង
ដាក់ចេញកម្មវិធីសកម្មភាពការងារសង្គម ឱ្យបានច្រើនដងតាមលទ្ធភាពដែលអាចធ្វើទៅបាន នាអំឡុងពេលសិក្សានៅសាលារដ្ឋបាល
ដែលមានរយៈពេល៩ខែនេះ។ ជាអកុសល ជំងឺកូវីដ-១៩ បង្កជាឧបសគ្គដ៏ក្តៅគគុក បានកម្រិត និងបង្ខាំងការអនុវត្តសកម្មភាពការងារសង្គម
របស់យើងខ្ញុំទាំងអស់គ្នារហូតមក។

ដោយខាំមាត់ទ្រាំបន្តទៅទៀតលែងបាន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្មីៗកន្លងទៅនេះ អនុលោមទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល
ក្នុងការបើកប្រទេសឡើងវិញលើគ្រប់វិស័យ កម្មសិក្សាការីយើងខ្ញុំទាំងអស់គ្នា បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ មិនឱ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ បានចូលរួមជាមួសាលាភូមិន្ទរដ្ឋបាល ក្នុងការងារសង្គមដែលសាលាមានគម្រោងសាងសង់
សាលាបឋមសិក្សាត្រពាំងទ្រាំង ដែលមានទីតាំងក្នុងភូមិសាស្ត្រ ភូមិត្រពាំងទ្រាំង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលយើងកំពុងមានវត្តមាននាពេលនេះ។

ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមនាយកសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងកម្មសិក្សាការីមួយក្រុម
តាមរយៈ អ្នកគ្រូជំនួយ និងលោកគ្រូសម្របសម្រួល ត្រូវបានទទួលក្នុងជំនួបភ្លាមៗមួយដែលមិនបានព្រាងទុកមុន ដើម្បីពិភាក្សាពីលទ្ធភាព
របស់កម្មសិក្សាការី ក្នុងការចូលរួមការងារមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនាថ្ងៃនេះ។
-លទ្ធផលនៃការពិភាក្សា យោងតាមប្លង់មេរបស់សាលា កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម២ (វេនរសៀល) បានមូលមតិគ្នា សម្រេចចូលរួមជួយសម្រាលបន្ទុក គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល តាមរយៈការងារអាទិភាពដូចខាងក្រោម៖

១-ទទួលចូលបច្ច័យសាងសង់អគារស្នាក់នៅសម្រាប់ លោកគ្រូ-អ្នកគ្រូ ១ខ្នង ក្នុងទឹកប្រាក់សរុបតម្លៃ ២០០០០$(ពីរម៉ឺនដុល្លារ) ដែលបច្ច័យទាំងមូលនេះ បានមកពីសទ្ធាជ្រះថ្លារបស់កម្មសិក្សាការីរួមវគ្គទាំងមូល
២-ទទួលចូលបច្ច័យក្នុងការជីកស្រះទឹក ១ទាំងមូល សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់សាលាក្នុងតម្លៃ ៧៥០០$(ប្រាំពីរពាន់ប្រាំរយដុល្លារ)
ដែលជាទឹកចិត្តសប្បុរសធម៌របស់ លោកជំទាវ ឈឿន និមល ដែលជាកម្មសិក្សាការីរួមវគ្គ។
ថវិកាសរុបដែលយើងខ្ញុំចូលរួមជាមួយសាលាភូមិន្ទរដ្ឋបាល នាពេលនេះមានចំនួនសរុប ២៧៥០០$(ពីរម៉ឺនប្រាំពីរពាន់ប្រាំរយដុល្លារ)
ដើម្បីអបអរសាទរលទ្ធផលនៃមហាសាមគ្គីរបស់កម្មសិក្សាការីទាំងអស់គ្នា។

ជាកិច្ចបញ្ជប់ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមន្ត្រីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម២ (វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ
តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕