(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១
ឯកឧត្ដម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ (Microsoft Team) ស្តីពី «ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ» ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ១០៦៣អង្គ/នាក់។
តាមរយៈមតិស្វាគមន៍របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបាឋកថានេះថា៖
ផ្អែកលើស្ថានភាពប្រឈមបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំបាឋកថានាថ្ងៃនេះ ត្រូវបានអនុវត្ដតាមប្រព័ន្ធអនឡាញ(Online)។
សាលាភូមិន្ទរដ្ឋបាលក្រៅពីការបណ្ដុះបណ្ដាល ការចែករំលែកចំណេះដឹង និងទ្រឹស្ដី សាលាក៏បានផ្សាភ្ជាប់សកម្មភាពសង្គមផ្សេងទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមានការផ្សព្វផ្សាយការថែទាំសុខភាពការចែកជូនម៉ាស់ ទឹកអាល់កុល និងការផ្ដល់ជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលបានមកពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការី និងសប្បុរសជន ហើយក៏បានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ សប្បុរសធម៌ ក្នុងការជួយកុមារកំព្រា ជនពិការ និងប្រជាជនមានជីវភាពខ្វះខាត ដែលបានជួបការលំបាកនៅតាមតំបន់មួយចំនួនទៀតផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ សិស្សមន្ដ្រីក្រមការជំនាន់ទី៩ កម្មសិក្សាការីទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារសំខាន់របស់ ឯកឧត្ដមអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសូមចាត់ទុកការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕