(រាជធានីភ្នំពេញ)៖ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល និងក្រោមការគាំទ្រពីអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាអន្តរជាតិតាមប្រព័ន្ធអនឡាញ (Zoom) ស្តីពី “Reimaging Inclusive & Sustainable Recovery with Transformational Leadership” ដោយផ្តោតសំខាន់លើកិច្ចការពារសង្គមក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ នៅកម្ពុជា។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលស្ថានតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដោយមានការផ្តល់បទឧទ្ទេសនាមពីសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ MIT/Presencing Institute ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល វិស័យឯកជន និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលសរុបមានចំនួន ៦១រូប (ស្រី១៩រូប)។
គោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលានេះរួមមាន៖
– ស្វែងយល់អំពីបទពិសោធន៍ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំនៅតាមវិស័យនានាក្នុងការដោះស្រាយបញ្ហាសង្គម ដែលរួមមានវិធីសាស្ត្រនៃការគិតជាប្រព័ន្ធ
– ផ្តល់ជាវេទិកាក្នុងការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការក្នុងការផ្តល់កិច្ចការពារសង្គមរវាងអង្គភាពនានាក្នុងស្ថាប័នរដ្ឋាភិបាល តំណាងវិស័យឯកជន និងសង្គមស៊ីវិល ដើម្បីផ្តល់ជាកាតាលីករសម្រាប់កសាងភាពជាអ្នកដឹកនាំដែលមានភាពផ្លាស់ប្តូរ (transformational leadership) ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ៕