loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យមថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងបរិស្ថាន

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យមថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងបរិស្ថាន។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានបែងចែកជា ០២វេន ដោយ
វេនទី១៖ សម្រាប់មន្ត្រីរាជការជាអនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរបរិស្ថាន និងប្រធានការិយាល័យចំនួន ២៣រូប និង
វេនទី២៖ សម្រាប់មន្ត្រីរាជការមន្ទីរបរិស្ថានរាជធានី ខេត្ត និងអនុប្រធានមន្ទីរបរិស្ថាន ចំនួន ២៥រូប។

តាមប្រសាសន៍មតិស្វាគមន៍របស់ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដមបានផ្ដល់ការណែនាំ អំពីគោលការណ៍ទូទៅ និងការសិក្សាតាមប្រព័ន្ធអនឡាញ ព្រមទាំងជម្រុញលើកទឹកចិត្តដល់មន្ត្រីរាជការដែលត្រូវសិក្សាទាំងពីរវេន ដែលនឹងរៀនតាមប្រព័ន្ធអនឡាញជាមួយសាលាភូមិន្ទរដ្ឋបាល ត្រូវយកចិត្តទុកដាក់ និងព្យាយាមរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ពីសាស្ត្រាចារ្យដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ ក្នុងការបង្ហាត់បង្រៀន ដើម្បីយកទៅបម្រើការងារផ្ទាល់ខ្លួន ក៏ដូចជាស្ថាប័នដែលកំពុងបម្រើការងារអោយមានគុណភាព និងគុណផលខ្ពស់ផងដែរ។

ជាកិច្ចបញ្ចប់នៃពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្ដមនាយក បានជម្រុញបន្ថែម និងលើកទឹកចិត្ត ឱ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីទទួលបានជោគជ័យក្នុងការងារ និងជីវិតប្រចាំថ្ងៃផងដែរ៕