(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
បានអញ្ជើញជាវាគ្មិនកិត្តិយសផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្នុងវិស័យឯកជន ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី១ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សរុបចំនួន ១៥១នាក់។
តាមរយៈមតិស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល
នៅក្នុងពិធីបាឋកថានេះថា៖
ផ្អែកលើស្ថានភាពប្រឈមបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំបាឋកថាថ្ងៃនេះ ត្រូវបានអនុវត្ដតាមប្រព័ន្ធអនឡាញ ដែលនេះជាបាឋកថាលើកទី៤ ក្នុងក្របខណ្ឌនៃវគ្គសិក្ខាកាមជាន់ខ្ពស់
នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី១ សាលាភូមិន្ទរដ្ឋបាល សម្រាប់កម្មវិធីបណ្ដុះបណ្ដាល ឆ្នាំ២០២១ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក។
ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ សិក្ខាកាម ក្រុមការងារទាំងអស់របស់ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារសំខាន់របស់ លោកបណ្ឌិត ដែលបានចំណាយពេលវេលាដ៏វិសេសវិសាល អញ្ជើញមកធ្វើបាឋកថាចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការដឹកនាំ
និងការធ្វើនវានុវត្តន៍ក្នុងវិស័យឯកជន ដែលក្នុងនោះខ្លឹមសារសំខាន់ គឺអ្នកដឹកនាំត្រូវមាន៖
– ទី១ ចក្ខុវិស័យច្បាស់លាស់
– ទី២ ចក្ខុវិស័យត្រូវបានផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីឲ្យមានការចូលរួម និង
– ទី៣ សម្របសម្រួលការរក្សាតុល្យភាពនៃអត្ថប្រយោជន៍ជាគុណតម្លៃរបស់ភាគីពាក់ព័ន្ធ។
ខ្ញុំបាទសូមចាត់ទុក ការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការបំពេញបន្ថែម និងពង្រឹងដំណើរការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាម គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕