loading

ព័ត៌មានលម្អិត

ឯកឧត្ដមបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ស្ថានភាពរដ្ឋាករទឹក និងការផ្គត់ផ្គង់ទឹកក្នុងបរិបទកូវីដ-១៩»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

ឯកឧត្ដមបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី «ស្ថានភាពរដ្ឋាករទឹក និងការផ្គត់ផ្គង់ទឹកក្នុងបរិបទកូវីដ-១៩» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការីទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ១០៦៣អង្គ/នាក់។

តាមរយៈមតិស្វាគមន៍របស់ ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបាឋកថានេះថា៖
ផ្អែកលើស្ថានភាពប្រឈមបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំបាឋកថាថ្ងៃនេះ ត្រូវបានអនុវត្ដតាមប្រព័ន្ធអនឡាញ ដែលនេះជាបាឋកថាលើកទី៧ ក្នុងក្របខណ្ឌសាលាភូមិន្ទរដ្ឋបាល សម្រាប់កម្មវិធីបណ្ដុះបណ្ដាលឆ្នាំ២០២១។
ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ សិស្សមន្ដ្រីជាន់ខ្ពស់ សិស្សមន្ដ្រីក្រមការ កម្មសិក្សាការីទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកយ៉ាងមានសារសំខាន់របស់ ឯកឧត្ដមបណ្ឌិត ដែលបានចំណាយពេលវេលាដ៏វិសេសវិសាល អញ្ជើញមកធ្វើបាឋកថានាពេលនេះ និងសូមចាត់ទុក ការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕