(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បាននាំយកនូវថវិកា និងសម្ភារមនុស្សធម៌ដែលជាអំណោយរបស់ គណៈគ្រប់គ្រង មន្ត្រីរាជការ និងកម្មសិក្សាការីវគ្គវិក្រឹត្យការ ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល ជូនដល់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលក្នុងនោះវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ទទួលបាននូវ ថវិកាចំនួន ២,០០០,០០០៛ អង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន ១៥កេះ ត្រីខកំប៉ុងចំនួន ៧០កំប៉ុង ទឹកអាល់កុលចំនួន ២០លីត្រ ម៉ាស់ចំនួន ២៦០០ម៉ាស់ ដើម្បីកាត់បន្ថយការចម្លង និងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានជួបពិភាក្សាជាមួយ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងក្រុមការងារទាំងអស់តាមប្រព័ន្ធអនឡាញ (Microsoft Team)ផងដែរ។
សាលាភូមិន្ទរដ្ឋបាលសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជា គណៈគ្រប់គ្រង មន្ត្រីរាជការ និងកម្មសិក្សាការីវគ្គវិក្រឹត្យការ ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងក្រុមគ្រួសារទាំងអស់ដែលមានសទ្ធាជ្រះថ្លាក្នុងការចូលរួមសកម្មភាពការងារសង្គមរបស់ សាលាភូមិន្ទរដ្ឋបាល និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច ជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕