(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ
និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសិក្ខាសាលា ស្ដីពី «ការសាកល្បងស្វែងយល់អំពីសាវតាសាលាភូមិន្ទរដ្ឋបាល» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនពី លោក ណុច រ៉ាម៉ូ ជំនួយការផ្ទាល់ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល និងជាអនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ (ម.អ.ដ.ន)
ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ និងសិស្សមន្ត្រីក្រមការជំនាន់ទី៩ សរុបចំនួន ២២១អង្គ/នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំផ្តួចផ្តើមឡើងដោយក្រុមការងារហ្វ្រង់កូហ្វូនីប្រចាំសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចែករំលែកជូនសិស្សមន្ត្រី នៃវគ្គបណ្តុះបណ្តាលដំបូងរយៈពេលវែងទាំងអស់
នូវចំណេះដឹងពាក់ព័ន្ធប្រភពដើម និងការវិវត្តរបស់ «សាលាភូមិន្ទរដ្ឋបាល» ឬហៅក្នុងន័យទូលាយថា «សាលារដ្ឋបាលកម្ពុជា» ដោយចាប់រាប់ពីចុងសតវត្សរ៍ទី១៩ រហូតដល់ដើមសតវត្សរ៍ទី២១នេះ។
ការសិក្សាស្វែងយល់អំពីអត្តសញ្ញាណរបស់ស្ថាប័នឈានមុខក្នុងការជ្រើសរើស និងបណ្តុះបណ្តាលមន្ត្រីរាជការ ដែលមានសាវតាលើសពី ១០០ឆ្នាំ ដូចសាលាភូមិន្ទរដ្ឋបាល គឺជាមូលដ្ឋានដ៏សំខាន់មួយក្នុងការបង្កើតចំណេះដឹង
ដើម្បីជាធាតុចូលដល់កិច្ចការទំនើបកម្មលើរដ្ឋបាលសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា៕