ថ្ងៃទី៩ ខែមេសា ២០២១
កាលពីព្រឹកថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១
វគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” តាមប្រព័ន្ធអនឡាញ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ចាប់ពីថ្នាក់អគ្គនាយករង ដល់ រដ្ឋលេខាធិការ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមផងដែររបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល លោកស្រី Inguna Dobraja នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា តំណាងស្ថានទូតអូស្ត្រាលី តំណាងសហភាពអឺរ៉ុប សាស្ត្រាចារ្យ វាគ្មិនជាតិ និងអន្តរជាតិ រួមជាមួយសិក្ខាកាមចំនួន ១៧២នាក់។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងសាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក ដោយមានការគាំទ្រពីស្ថានទូតអូស្រ្តាលី និងសហគមន៍អឺរ៉ុប។
កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំឡើងដើម្បីគាំទ្រ និងអភិវឌ្ឍភាពជាអ្នកដឹកនាំ និងសមត្ថភាពនវានុវត្តន៍របស់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ដែលមានតួនាទីគន្លឹះក្នុងការជំរុញការកែទម្រង់ និងការអភិវឌ្ឍប្រទេស។ កម្មវិធីនឹងគាំទ្រសិក្ខាកាមក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈម និងបង្កើតនូវដំណោះស្រាយថ្មីៗសមស្រប។ កម្មវិធីនេះ ផ្តោតលើទិដ្ឋភាពនៃការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រងការកែទម្រង់អង្គភាព និងវិធីសាស្ត្រក្នុងការរៀបចំអង្គភាពប្រកបដោយកិច្ចសហការ និងផលិតភាពការងារខ្ពស់។ សិក្ខាកាមនឹងចូលរួមក្នុងដំណើរការសិក្សាដែលមានការបង្ហាញអំពីលទ្ធផលការងារ និងបទពិសោធន៍ ដែលមានការពាក់ព័ន្ធជាមួយនឹងស្ថានភាពប្រឈមពិតប្រាកដក្នុងអង្គភាព។ ជាការរំពឹងទុកនៃកម្មវិធី សិក្ខាកាមនឹងមានសមត្ថភាពកាន់តែប្រសើរដើម្បីសម្រេចលទ្ធផលការងារថ្មីៗបន្ថែមក្នុងអាជីពរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការអភិវឌ្ឍសមត្ថភាពជាប្រចាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ដែលមានតួនាទីចំបងក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាជំរុញការអភិវឌ្ឍប្រទេសឱ្យកាន់តែខ្លាំងក្លាដើម្បីសម្រេចគោលដៅនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ វគ្គបណ្តុះបណ្តាលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា និងឆ្លើយតបនឹងសេចក្តីត្រូវការដើម្បីជួយបង្កើនសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមទៀតជូនដល់អគ្គនាយករង អគ្គនាយក/អគ្គលេខាធិការ អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ដែលអញ្ជើញពីក្រសួង ស្ថាប័នថ្នាក់ជាតិ។
វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងបន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់ក្នុងខែមករា ឆ្នាំ២០២០ និងត្រូវអនុវត្តជា ២វគ្គ ដោយវគ្គទី១ នឹងចាប់ផ្តើមពីថ្ងៃទី៧ ខែមេសា ដល់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដែលការសិក្សាមានរយៈពេល ៥ម៉ោងក្នុង១សប្តាហ៍ និងវគ្គទី២ ដែលមានរយៈពេល ៤សប្តាហ៍ នឹងត្រូវរៀបចំបន្តសម្រាប់សិក្ខាកាមដែលបានបញ្ចប់វគ្គទី១៕