(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១
ឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ(Microsoft Team) ស្តីពី តួនាទី និងភារកិច្ចរបស់បេឡាជាតិសន្តិសុខសង្គម ជូនដល់
សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល
វគ្គវិក្រឹត្យការមន្ត្រីមធ្យម និងវគ្គវិក្រឹត្យការមន្ត្រីក្រមការ ឆ្នាំ២០២១ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ សរុបចំនួនប្រមាណ ១៥៥៥អង្គ/នាក់ ដែលអញ្ជើញមកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
តាមរយៈមតិស្វាគមន៍ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល
នៅក្នុងពិធីបាឋកថានេះថា៖ ថ្ងៃនេះក្នុងនាមគណៈគ្រប់គ្រងសាលា ថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការី ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ មានកិតិ្តយសយ៉ាងក្រៃលែងដោយទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ដែលបានអញ្ជើញចូលរួមផ្តល់បាឋកថានាពេលនេះ។
ក្នុងស្ថានភាពនៃការប្រឈមនឹងជំងឺកូវីដ-១៩ បាននឹងកំពុងមានការរីករាលដាល និងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល
សាលាភូមិន្ទរដ្ឋបាល ក្រៅពីក្របខ័ណ្ឌនៃការបណ្តុះបណ្តាលជាទ្រឹស្តីតាមរយៈប្រព័ន្ធអនឡាញ(Online) សាលាក៏បានភ្ជាប់ជាមួយនឹងសកម្មភាពសង្គម មនុស្សធម៌ សប្បុរសធម៌ ដោយបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន៖ ការផ្សព្វផ្សាយការថែទាំសុខភាព ការចែកម៉ាស់ ទឹកអាល់កុល គ្រឿងឧបភោគបរិភោគ និងការផ្តល់ថវិកា ដែលបានមកពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការរីទាំងអស់ ព្រមទាំងចូលរួមឧបត្ថម្ភថវិកា ក្នុងការទិញវ៉ាក់សាំង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា ការជួយទៅដល់ជនដែលងាយរងគ្រោះនៅក្នុងស្ថានភាពប្រឈមនេះ។
ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ក្នុងការចូលរួមចំណែកដ៏មានសារៈសំខាន់នេះ និងសូមចាត់ទុកជាសកម្មភាពជួយជម្រុញ និងពង្រឹងដំណើរការបណ្តុះបណ្តាល នៅក្នុងក្របខ័ណ្ឌសាលាភូមិន្ទរដ្ឋបាលឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលផងដែរ។
ឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញផ្តល់បាឋកថា ស្តីពី តួនាទី និងភារកិច្ចរបស់បេឡាជាតិសន្តិសុខសង្គម
ថ្ងៃទី២៥ ខែមីនា ២០២១