ថ្ងៃទី២៤ ខែធ្នូ ២០២០
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញផ្តល់បាឋកថា Online ស្តីពី « កម្ពុជាព្រះរាជាណាចក្រ នៃវប្បធម៌ អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ » ជូនដល់ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការ ក្នុងឆ្នាំ២០២០ ដែលមកពីបណ្តាក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តាមរយៈមតិស្វាគមន៍ ក្នុងពិធីថា ឆ្នាំ២០២០ នេះ សាលាភូមិន្ទរដ្ឋបាល បានបណ្តុះបណ្តាល សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ កម្មសិក្សាការី វគ្គវិក្រឹត្យការ មន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការ មានរយៈពេល ៩ខែ ព្រមទាំងវគ្គខ្លី មាន៖
វគ្គបណ្តុះបណ្តាលមន្រ្តីបរិស្ថាន វគ្គនវានុវត្តន៍ វគ្គជំនាញរដ្ឋបាលសាធារណៈ វគ្គគ្រប់គ្រងអង្គភាពសាធារណៈ និងវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។
ឯកឧត្ដមនាយករងសាលាភូមិន្ទរដ្ឋបាល ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់នេះ និងសូមចាត់ទុកជាសកម្មភាពជួយជម្រុញ និងពង្រឹងដំណើរការបណ្តុះបណ្តាល នៅក្នុងក្របខណ្ឌរបស់សាលាភូមិន្ទរដ្ឋបាល ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។