(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការ និង ឯកឧត្តម ហង្ស ឆាំឆាន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកអំណោយជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣០០គ្រួសារ មកពីភូមិទាំង១៤ ឃុំប្រសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ពិធីនេះបានរៀបចំនៅវត្តប្រាសាទ ឃុំប្រសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្តម អោម ចន្ថា អភិបាលរង និង ឯកឧត្តម លន់ វាសនា សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋចំនួន៣០០គ្រួសារផងដែរ។
លោក ប៊ូ លាងផេង អភិបាលរងស្រុកព្រះនេត្រព្រះ បានធ្វើរបាយការណ៍ជូន ឯកឧត្តមរដ្ឋលេខាធិការជាអធិបតី ក្នុងពិធីចុះសួរសុខទុក្ខឱ្យដឹងថា ស្រុកព្រះនេត្រព្រះ ជាស្រុកមួយក្នុងចំណោមក្រុង ស្រុក ទាំង៩នៃខេត្តបន្ទាយមានជ័យ មានចម្ងាយពីទីរួមខេត្តចំនួន ២៤គ.ម មាន៩ឃុំ និងមានភូមិចំនួន១១៨។
លោក ប៊ូ លាងផេង បានបន្តទៀតថា ក្នុងដំណាក់កាលនៃទឹកជំនន់ ដោយទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បណ្តាលឱ្យមានផលប៉ះពាល់លិចលំនៅដ្ឋានប្រជាពលរដ្ឋចំនួន០៧ឃុំ សរុបចំនួន៤,២២៦គ្រួសារ (មនុស្សរាយ ១៧.១៦១នាក់ ស្រី ៨,៩១១នាក់) ។ ដោយឡែកគ្រួសាររងគ្រោះ ដែលមិនទាន់បានទទួលអំណោយ រដ្ឋបាលស្រុកបានរៀបចំស្បៀងមួយចំនួន និងកំពុងកៀគរស្វែងរកជំនួយ ពីសប្បុរសជនដើម្បីចែកជូនជាបន្តបន្ទាប់។
ថ្លែងនៅក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានគូសបញ្ជាក់ថា វត្តមានរបស់ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានមកជួបសំណេះសំណាលឱកាសនេះ គឺទី១ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ទី២ ពាំនាំយកអំណោយរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលបានទទួលពី ថ្នាក់ដឹកនាំ មន្រ្តី សិស្សមន្រ្តី កម្មសិក្សាការី និងសប្បុរសជន របស់សាលាភូមិន្ទរដ្ឋបាល ដើម្បីរួមចំណែកសម្រាលនៅក្នុងពេលវេលាដែលបងប្អូនចាប់ផ្ដើមការបង្កបង្កើនផលឡើងវិញ និងទី៣ ឯកឧត្តមរដ្ឋលេខាធិការ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ សូមសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព របស់គណៈប្រតិភូ ដែលបានចុះមកពេលនេះ ថ្នាក់ដឹកនាំ មន្រ្តី សិស្សមន្រ្តី កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានជួយ ដឹកជញ្ជូន ផ្តល់ការស្នាក់នៅ ការឧបត្ថម្ភ សម្រាលការលំបាក ក្នុងពេលមានគ្រោះអាសន្ន សូមបួងសួងសុំឱ្យស្មារតី នៃការសាមគ្គីស្ថិតនៅជាមួយយើងទាំងអស់គ្នាជារៀងរហូត។
ក្នុងពេលនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូន ប្រជាពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក ដោយ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថា រដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋនឹងបន្តបង្កើនការប្រុងប្រយ័ត្ន ហើយអនុត្តវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាកាត់បន្ថយការប្រមូលផ្ដុំបើមិនចាំបាច់ ការប្រើម៉ាស និងលាងដៃជាដើម។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តក្នុងនាម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំសិស្សមន្រ្តី កម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ខេត្តបន្ទាយមានជ័យថា៖ “ខ្ញុំសូមសម្តែងនូវអំណរគុណ ដឹងគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយកចិត្តទុកដាក់របស់ សម្តេច អំពីសុខទុក្ខយើងខ្ញុំទាំងអស់គ្នា” សូមអរគុណសម្តេចតេជោ សូមអរគុណសន្តិភាព។
សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនេះ រួមមាន៖ មី ត្រីខ សាប៊ូ ទឹកត្រី រួមទាំងថវិកាមួយចំនួនផងដែរ។