(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០
លោក ទេព កុសល ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង ដឹកនាំ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ ចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ “យើងរួមគ្នាទប់ស្កាត់ជម្ងឺឆ្លង!” ដោយបានចែកទឹកអាល់កុលលាងដៃជូនដល់ អ្នកខ្វះខាតរួមមាន ជនពិការ អ្នកប្រកបរបររត់ស៊ីក្លូ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី កម្មករ កម្មការនី សន្ដិសុខ និងបងប្អូនប្រជាពលរដ្ឋទូទៅនៅមុខបរិវេណសាលាភូមិន្ទរដ្ឋបាល ។
កម្មវិធីចែកទឹកអាល់កុលលាងដៃនេះ គឺជាសកម្មភាពសង្គមមួយដែលរៀបចំឡើងដោយសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាលដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ។
ក្នុងឱកាសអនុវត្តការងារសង្គមនេះ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល បានចែកទឹកអាល់កុលលាងដៃចំនួន ១៥០ដប ។ បន្ថែមពីនេះ សិស្សមន្ត្រីជាន់ខ្ពស់ក៏បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកយកទឹកអាល់កុលលាងដៃ ឱ្យចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ដែលមានដូចជា៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនឹងទឹកស្អាត ឬទឹកអាល់កុល ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រដាសអានាម័យ រួចបោះចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្តៅ ឬផ្ដាសាយ
៤. ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនឱ្យបានឆ្អិនល្អ
៦. ស្វាគមន៍គ្នាដោយការសំពះ ជំនួសការចាប់ដៃ។
ព្រមទាំងបានបញ្ជាក់ជូនដល់ បងប្អូនប្រជាពលរដ្ឋផងដែរថា ប្រសិនបើមានអាការៈសង្ស័យ សូមបងប្អូនទូរស័ព្ទទៅលេខ ១១៥ ដើម្បីប្រឹក្សាជាមួយអ្នកជំនាញរបស់ក្រសួងសុខាភិបាលផ្ទាល់។
សូមបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល អនុវត្តសកម្មភាពនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី៦ ខែមេសាមក និងនៅតែបន្តធ្វើ ជាបន្តបន្ទាប់ទៀត។ សកម្មភាពសង្គមនេះ ទទួលបានថវិកាគាំទ្រពី ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្ត្រី រួមទាំង អតីតកម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ប្រឆាំងនឹងជំងឺកូវីដ១៩៕
សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ ចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ “យើងរួមគ្នាទប់ស្កាត់ជម្ងឺឆ្លង!”
ថ្ងៃទី១២ ខែឧសភា ២០២០