(ខេត្តកោះកុង)៖ នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា រួមដំណើរដោយឯកឧត្តម លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីរាជការនៃអង្គភាពវាយតម្លៃសេវាសាធារណៈនៃក្រសួងមុខងារសាធារណៈ បានចុះទៅពិនិត្យស្នាដៃការងាររបស់គ្រូពេទ្យនិងបុគ្គលិកនៃមន្ទីរពេទ្យខេត្តកោះកុងក្នុងការប្រយុទ្ធជំងឺកូវីដ១៩ ។
ក្រោយពីរបាយការណ៍របស់លោក ហៃ ឡៃសុង ប្រធានមន្ទីពេទ្យខេត្តកោះកុងពីស្នាដៃការងាររបស់គ្រូពេទ្យនិងបុគ្គលិកមន្ទីរពេទ្យខេត្តកោះកុងក្នុងការប្រយុទ្ធជំងឺកូវីដ១៩ និងមតិស្វាគមន៍របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងកោតសរសើរចំពោះកិច្ចសហការរវាងអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋបាលដែនដីខេត្តជាមួយផ្នែកជំនាញសុខាភិបាលខេត្ត ពិសេសមន្ទីរពេទ្យខេត្តកោះកុងដោយបានទទួលការចូលរួម ជ្រោមជ្រែងជាទូទៅពីមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានសម្រេចលទ្ធផលការងារយ៉ាងល្អប្រសើរក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាជន សាកសមជាអង្គភាពគំរូដែលធ្លាប់បានទទួលជ័យលាភីលេខ១ កម្រិត២ ក្នុងឆ្នាំកន្លងទៅ។ ស្នាដៃនេះពិតជាបានរួមចំណែកពង្រឹងសុខភាពសាធារណៈ បង្ការ ទប់ស្កាត់ និងព្យាបាលបានទាន់ពេលវេលាមិនឱ្យមេរោគកូរ៉ូណាថ្មីនៃជំងឺកូវីដ១៩ឆ្លងចូលសហគមន៍ក្នុងខេត្តកោះកុង ។ ជាក់ស្តែង អ្នកសង្ស័យផ្ទុកមេរោគចំនួន៦៥នាក់ និងអ្នកដែលមានជំងឺកូវីដ១៩ ចំនួន២នាក់ ត្រូវបានថែទាំ ពិនិត្យ ព្យាបាលយ៉ាងយកចិត្តទុកដាក់និងបានជាសះស្បើយជាស្ថាពរទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា ទោះបីមកដល់ពេលនេះយើងទទួលបានលទ្ធផលល្អក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ក៏ដោយក្តី ប៉ុន្តែដោយសារជំងឺឆ្លងជាសកលដ៏កាចសាហាវនេះនៅតែជាគ្រោះថ្នាក់ដែលកំពុងបន្តគំរាមកំហែងអាយុជីវិតប្រជាជនទូទាំងពិភពលោកនៅឡើយនោះ អាជ្ញាធរដែនដី សមត្ថកិច្ចជំនាញសុខាភិបាលរបស់យើងត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែបានខ្លាំងក្លាថែមទៀត ដោយមិនត្រូវបន្ធូរដៃក្នុងការអប់រំវេជ្ជសាស្ត្រ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជាប្រចាំនិងប្រមូលផ្តុំឱ្យបាននូវកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ចូលរួមបន្តប្រយុទ្ធឱ្យឈ្នះជំងឺកូវីដ១៩ ទន្ទឹមនឹងតស៊ូពុះពាររាល់ការលំបាកជាបណ្តោះអាសន្ន ដែលបណ្តាលមកពីផលប៉ះពាល់នៃកូវីដ១៩ ដើម្បីអនាគតល្អប្រសើររបស់សង្គមជាតិនិងប្រជាជនយើង។
នៅចុងបញ្ចប់ ប្រតិភូក្រសួងមុខងារសាធារណៈក៏បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តផងដែរ។