(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០
សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ ជំនាញទំនាក់ទំនងអន្តរជាតិ ចុះអនុវត្តសកម្មភាពសង្គម ដឹកនាំដោយ៖
លោក ប៊ូ វុទ្ធី និងលោកស្រី ឡុង ស៊ីម៉ាច អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង និងជាគ្រូសម្របសម្រួល រួមទាំងគ្រូជំនួយ កញ្ញា សែម សុភត្រ្តា និង លោក ងួន ស៊ីមួយ ដោយមានការចូលរួមពី លោក ទេព កុសល ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង បានធ្វើការបោសសម្អាតទីធ្លាក្នុងបរិវេណសាលា និងចែកទឹកអាល់កុលលាងដៃចំនួន ១៥០ដប ជូនដល់អ្នកខ្វះខាតរួមមាន ជនពិការ អ្នកប្រកបរបររត់ស៊ីក្លូ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី កម្មករ កម្មការនី សន្ដិសុខ និងបងប្អូនប្រជាពលរដ្ឋទូទៅ នៅមុខបរិវេណសាលាភូមិន្ទរដ្ឋបាល។
កម្មវិធីចែកទឹកអាល់កុលលាងដៃនេះ គឺជាសកម្មភាពសង្គមមួយ ដែលរៀបចំឡើងដោយសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណង ចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ។
ជាមួយគ្នានេះក៏បានពន្យល់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកយក ទឹកអាល់កុលលាងដៃ ឱ្យចូលរួមអនុវត្ត តាមសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ដែលមានដូចជា៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬទឹកអាល់កុល ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រដាសអានាម័យ រួចបោះចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្តៅ ឬផ្ដាសាយ
៤. ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនឱ្យបានឆ្អិនល្អ
៦. ស្វាគមន៍គ្នាដោយការសំពះ ជំនួសការចាប់ដៃ។
ព្រមទាំងបានបញ្ជាក់ជូនដល់ បងប្អូនប្រជាពលរដ្ឋផងដែរថា ប្រសិនបើមានអាការៈសង្ស័យ សូមបងប្អូនទូរស័ព្ទទៅលេខ ១១៥ ដើម្បីប្រឹក្សាជាមួយអ្នកជំនាញរបស់ក្រសួងសុខាភិបាលផ្ទាល់។
សូមបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល អនុវត្តសកម្មភាពនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី៦ ខែមេសាមក និងនៅតែបន្តធ្វើ ជាបន្តបន្ទាប់ទៀត។ សកម្មភាពសង្គមនេះ ទទួលបានថវិកាគាំទ្រពី ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្ត្រី រួមទាំង អតីតកម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ប្រឆាំងនឹងជំងឺកូវីដ១៩៕
សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ ជំនាញទំនាក់ទំនងអន្តរជាតិ ចុះអនុវត្តសកម្មភាពសង្គម
ថ្ងៃទី៨ ខែឧសភា ២០២០