(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលសិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី វគ្គទី៤ ឆ្នាំ២០១៨។ យោងព្រះរាជក្រឹត្យ ស្ដីពីសហលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជំពូក៣ មាត្រា៨ បានចែងថា «បេក្ខជនដែលត្រូវជ្រើសរើសតាមរយៈការប្រឡងប្រជែង ក្នុងចំណោមមន្ត្រីរាជការ និងឬក្នុងចំណោមនិស្សិត បានឋានៈជា សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាល ហើយត្រូវទទួល ការបណ្ដុះបណ្ដាលដំបូងនៅ សាលាភូមិន្ទរដ្ឋបាល» ទាំងនេះសបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល គឺជាថ្នាលបណ្ដុះបណ្ដាលដ៏សំខាន់ និងអាចចាត់ទុកថា សាលាដើរតួនាទីយ៉ាងសំខាន់ផងដែរ ដើម្បីជួយពង្រីកចំណេះដឹង ការទទួលខុសត្រូវដល់មន្ត្រីរាជការ ដែលនឹងចូលរួម អនុវត្តការងារ បម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដែលស្របនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនេះផងដែរ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានផ្ដល់ការណែនាំ អំពីគោលការណ៍ទូទៅ និងកម្មវិធីសិក្សា ព្រមជាមួយការជម្រុញលើកទឹកចិត្តដល់ សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី វគ្គទី៤ (ឆ្នាំ២០១៨) ដែលមករៀននៅក្នុងសាលាភូមិន្ទរដ្ឋបាល ត្រូវយកចិត្តទុកដាក់ និងព្យាយាមរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ពីសាស្ត្រាចារ្យដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ ក្នុងការបង្ហាត់បង្រៀន ដើម្បីយកទៅបម្រើការងារ ការរស់នៅ ក៏ដូចជាអ្នកបម្រើសេវាសាធារណៈ អោយមានគុណភាព និងគុណផលខ្ពស់នៅតាម ក្រសួង-ស្ថាប័នរៀងៗខ្លួនផងដែរ។
ជាកិច្ចបញ្ចប់នៃពិធីបើកវគ្គនេះ ឯកឧត្ដមនាយក បានជម្រុញ និងលើកទឹកចិត្តដល់ សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី វគ្គទី៤ (ឆ្នាំ២០១៨) ទាំងអស់ ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់ដល់វិស័យសេវាសាធារណៈ ក៏ដូចជា សុខភាពផ្ទាល់ខ្លួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីទទួលបាននៅជោគជ័យក្នុងការងារ និងជិវិតប្រចាំថ្ងៃ។
ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលសិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី វគ្គទី៤ ឆ្នាំ២០១៨
ថ្ងៃទី៣១ ខែមករា ២០២០