(រាជធានីភ្នំពេញ)៖ ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលក្ខណៈវិនិច្ឆ័យភាពជាអ្នកដឹកនាំគំរូ» ដែលមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំដែលជា អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែលគ្រប់ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត និងការចូលរួមពី តំណាងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ សរុបចំនួន ជាង ២២០ នាក់។ ក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលក្ខណៈវិនិច្ឆ័យភាពជាអ្នកដឹកនាំគំរូ” រៀបចំឡើងក្នុងគោលបំណង ២ គឺ៖
ទី១. ប្រមូលទិន្នន័យ និងសិក្សាអំពីតម្រូវការ នៃការអភិវឌ្ឍសមត្ថភាព ភាពជាអ្នកដឹកនាំសម្រាប់អគ្គនាយក អគ្គាធិការ អភិបាល នៃគណៈភិបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី ”ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” សម្រាប់មន្ត្រីរាជការជាន់ខ្ពស់កម្រិតអគ្គនាយក អគ្គាធិការ អភិបាល នៃគណៈភិបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល ជាបន្តបន្ទាប់ចាប់ពីពាក់កណ្តាលឆ្នាំ២០២០តទៅ
ទី២.ប្រមូលធាតុចូល ដើម្បីត្រៀមរៀបចំសេចក្តីណែនាំស្តីពី ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃ និងទទួលស្គាល់ ភាពជាអ្នកដឹកនាំគំរូ សម្រាប់អគ្គនាយក អគ្គាធិការ អភិបាល នៃគណៈភិបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល ឯកឧត្តមកិត្តិបណ្ឌិត រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងថា ការអនុវត្តកិច្ចការងារនេះ ជាការវិនិយោគដែលមានលក្ខណៈជាយុទ្ធសាស្ត្រ សំដៅពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ ដល់មន្រ្តីគ្រប់គ្រងជាន់ខ្ពស់កម្រិតអគ្គនាយក អគ្គាធិការ និងអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ក្នុងការចាត់ចែង ការគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ផ្សាភ្ជាប់ទៅនឹងការរៀបចំ និងការអនុវត្តផែនការងារ របស់អង្គភាពប្រកបដោយ ប្រសិទ្ធភាព ដើម្បីសម្រេចបាននូវ ផែនការការងារអាទិភាពរបស់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលទាំងមូល៕
ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលក្ខណៈវិនិច្ឆ័យភាពជាអ្នកដឹកនាំគំរូ»
ថ្ងៃទី២៧ មករា ២០២០