loading

ព័ត៌មានលម្អិត

សិក្ខាសាលាអន្តរជាតិប្រចាំតំបន់ ស្ដីពី៖ «សមត្ថភាពរដ្ឋសម្រាប់ការអភិវឌ្ឍជាតិ ក្នុងដំណាក់កាលសេដ្ឋកិច្ចអន្តរកាល នៅបណ្តាប្រទេសអាស៊ាន៖ ការចែករំលែកបទពិសោធន៍រវាងបណ្តាប្រទេសអាស៊ាន និងកូរ៉េ»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គាឌិន ស៊ីធី Garden City , រាជធានីភ្នំពេញ.
សាលាភូមិន្ទរដ្ឋបាល សហការជាមួយវិទ្យាស្ថានស្រាវជ្រាវកូរ៉េ នៃសាកលវិទ្យាល័យញូវសៅវែល
ប្រទេសអូស្ត្រាលី បានរៀបចំសិក្ខាសាលាអន្តរជាតិប្រចាំតំបន់ ស្ដីពី៖
«សមត្ថភាពរដ្ឋសម្រាប់ការអភិវឌ្ឍជាតិ ក្នុងដំណាក់កាលសេដ្ឋកិច្ចអន្តរកាល នៅបណ្តាប្រទេសអាស៊ាន៖
ការចែករំលែកបទពិសោធន៍រវាងបណ្តាប្រទេសអាស៊ាន និងកូរ៉េ» គាំទ្រដោយ ក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា
និងមូលនិធិកូរ៉េ នៃសាធារណៈរដ្ឋកូរ៉េ ដោយមានការចូលរួមពីវាគ្មិន និងអ្នកពិភាក្សាសរុបប្រមាណ ៩០រូប និងរួមជាមួយសិក្ខាកាមសរុបប្រមាណ ២០០រូប ដែលជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកវិភាគគោលនយោបាយ និងអ្នកស្រាវជ្រាវ ដែលអញ្ជើញមកពីប្រទេសចំនួន ១០ ដោយក្នុងនោះ មានប្រទេសអាស៊ានចំនួន ៨ (ព្រះរាជាណាចក្រកម្ពុជា សាធារណៈរដ្ឋឥណ្ឌូនេស៊ី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សហព័ន្ធម៉ាឡេស៊ី សហព័ន្ធមីយ៉ានម៉ា សាធារណៈរដ្ឋហ្វីលីពីន ព្រះរាជាណាចក្រថៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាម) ប្រទេសអូស្ត្រាលី និង សាធារណៈរដ្ឋកូរ៉េ ។
សិក្ខាសាលាអន្តរជាតិប្រចាំតំបន់ ឆ្នាំ២០១៩ KRI.RSA ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តោតលើ៖
១. កិច្ចពិភាក្សាស្តីពីសមត្ថភាពរដ្ឋសម្រាប់ការអភិវឌ្ឍជាតិ ក្នុងដំណាក់កាលអន្តរកាលនៅបណ្តាប្រទេសអាស៊ាន និងលទ្ធភាពនៃការចូលរួមរបស់ប្រទេសកូរ៉េ
២. ការចែករំលែកបទពិសោធន៍ពីអតីតកាល និងផលប៉ះពាល់ខាងគោលនយោបាយចំពោះកំណែទម្រង់នាពេលអនាគត ដែលត្រូវដាក់ឱ្យអនុវត្តដោយភ្នាក់ងារកំណែទម្រង់ និង
៣. ការពង្រឹងបណ្តាញនៃការស្រាវជ្រាវជាយុទ្ធសាស្ត្រ រវាងរដ្ឋាភិបាល ស្ថាប័នសាធារណៈ និងអ្នកស្រាវជ្រាវ នៃបណ្តាប្រទេសអាស៊ាន និងកូរ៉េ។
សម្រាប់ថ្ងៃទីមួយ សិក្ខាសាលានឹងផ្តោតលើប្រធានបទស្តីពី “ការអភិវឌ្ឍជាតិក្នុងបណ្ដាប្រទេសសេដ្ឋកិច្ចអន្តរកាលអាស៊ាន និងមេរៀនពិសោធន៍ពីប្រទេសកូរ៉េខាងត្បូង និងប្រទេសអាស៊ានដទៃទៀត៖ ការពិនិត្យលើគោលនយោបាយម៉ាក្រូ” ដោយក្នុងនោះនឹងមានការបង្ហាញអំពី ទិដ្ឋភាពរួមនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ នៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចអន្តរកាលអាស៊ាន និងបទពិសោធន៍កន្លងមក ដែលប្រទេសកូរ៉េ និងប្រទេសអាស៊ានផ្សេងទៀតបានឆ្លងកាត់។
សម្រាប់ថ្ងៃទីពីរ សិក្ខាសាលានឹងមានការបែងចែកជា ៣ វេទិកាផ្សេងគ្នាប៉ុន្តែនឹងប្រព្រឹត្តឡើងក្នុងពេលជាមួយគ្នា ដើម្បីផ្តល់បទបង្ហាញលើករណីសិក្សាជាក់ស្តែងពាក់ព័ន្ធនិងការកែទម្រង់វិស័យសាធារណៈ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយកូរ៉េ និងទំនាក់ទំនងសង្គម-វប្បធម៌ រវាងបណ្តាប្រទេសអាស៊ាន និងកូរ៉េ។ នៅក្នុងព្រឹត្តិការណ៍នីមួយៗ បទពិសោធន៍នៃការអភិវឌ្ឍជាតិ របស់បណ្ដាប្រទេសអាស៊ានចំនួន ៨ និងប្រទេសកូរ៉េ នឹងត្រូវបានលើកមកបង្ហាញ និងធ្វើការពិភាក្សា។
ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍នេះ គឺជាជំហានដំបូងក្នុងការឆ្ពោះទៅបង្កើតសហគមន៍អាស៊ាន-កូរ៉េ ក្នុងទិសដៅរួមគ្នាសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងរដ្ឋាភិបាល ស្ថាប័នសាធារណៈ និងអ្នកស្រាវជ្រាវនៅក្នុងបណ្តាប្រទេសអាស៊ាន និងកូរ៉េ។ ចក្ខុវិស័យនេះនឹងកសាងឡើងដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការទទួលស្គាល់ភាពខុសគ្នាដែលយើងមាន ព្រមទាំងការប្តេជ្ញាចិត្តចំពោះភាពជាដៃគូស្មើភាពគ្នាសម្រាប់ជោគជ័យរួមគ្នានៅក្នុងតំបន់របស់យើងផងដែរ។