loading

ព័ត៌មានលម្អិត

សិក្ខាសាលាស្ដីពី «កំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងបរិបទកម្ពុជា និងអន្តរជាតិ»

(រាជធានីភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩
សាលាភូមិន្ទរដ្ឋបាល បានរៀបចំសិក្ខាសាលាពេញមួយថ្ងៃ ស្ដីពី «កំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងបរិបទកម្ពុជា និងអន្តរជាតិ» ដើម្បីចែកជូនដល់ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយក ប្រធាននាយកដ្ឋាន នាយករដ្ឋបាល នាយកទីចាត់ការ និងប្រធានមន្ទី ដែលអញ្ជើញមកពីគ្រប់ ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត នៃប្រទេសកម្ពុជា សរុបចំនួន ១៩៦នាក់។
អង្គសិក្ខាសាលានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
១. ស្វែងយល់អំពីទស្សនទានទូទៅ និងគោលការណ៍ នៃកំណែទម្រង់រដ្ឋបាលសាធារណៈ
២. បង្កើនប្រសិទ្ធភាព និងភាពឆ្លើយតប របស់ប្រព័ន្ធគោលនយោបាយសាធារណៈ ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ
៣. ស្វែងយល់ និងប្រៀបធៀប បទពិសោធន៍កំណែទម្រង់រដ្ឋបាលសាធារណៈអន្តរជាតិ និងការអនុវត្តនៅក្នុងវិស័យសាធារណៈកម្ពុជា អោយកាន់តែមានភាពប្រសើឡើងជានិរន្តរ៍ ។
អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមជាវាគ្មិន ៖
១). ឯកឧត្ដម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការកំណែទម្រង់រដ្ឋបាល នៃក្រសួងមុខងារសាធារណៈ អញ្ជើញធ្វើបទបង្ហាញ ស្ដីពី «កំណែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងមុខងារសាធារណៈកម្ពុជា ៖ បទពិសោធន៍ និងការអនុវត្ត»
២). ឯកឧត្ដម យ៉េត វីណែល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អញ្ជើញធ្វើបទបង្ហាញ ស្ដីពី «កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ បទពិសោធន៍ និងការអនុវត្ត»
៣). លោក ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពអភិវឌ្ឍន៍ គោលនយោបាយ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ អញ្ជើញធ្វើបទបង្ហាញ ស្ដីពី
«កំណែទម្រង់រដ្ឋបាលសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ៖ បទពិសោធន៍ និងការអនុវត្ត» និង
៤). លោកសាស្រ្តាចារ្យបណ្ឌិត Wolfgang Drechsler ដែលបានអញ្ជើញមកពីប្រទេសអាល់ឡឺម៉ង់ ហើយលោកគឺជាសាស្ត្រាចារ្យអភិបាលកិច្ច នៅ Tallinn University of Technology ប្រទេស Estonia, និង ជាសាស្ត្រាចារ្យរង នៅ Harvard University’s Davis Cinter
អញ្ជើញធ្វើបទបង្ហាញ ស្ដីពី «Public Administration Reform Today: Context, Values, Digitalization»
ក្រោយពីបញ្ចប់វគ្គសិក្ខាសាលា សិក្ខាកាមដែលចូលរួមនឹងទទួលបាន៖
– ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈ ទាំងបរិបទជាតិ និងអន្តរជាតិ
– ការកែលម្អសេវាសារធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរជាងមុន និង
– សមត្ថភាពកាន់តែប្រសើក្នុងការដោះស្រាយបញ្ហាប្រឈម ក្នុងរដ្ឋបាលសាធារណៈ ទាំងក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគតផងដែរ!