(រាជធានីភ្នុំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយលើកទី២ អំពីសៀវភៅស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ – បទពិសោធន៍កម្ពុជា” ជូនកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល។ កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹងនាំរបស់ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។
ការរៀបចំសិក្ខាសាលានេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនការចូលរួមពីសាធារណជនទូទៅ ក្នុងការរួមចំណែកគាំទ្រដល់បេសកកម្មរបស់រាជរដ្ឋាភិបាល ដើម្បីកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យរឹងមាំ និងធន់ទៅនឹងវិបត្តិ ហើយមានលក្ខណៈជាប្រព័ន្ធស្តង់ដា ស្របទៅនឹងឧត្តមានុវត្តន៍ជាអន្តរជាតិ៕