(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធី សិក្ខាសាលាអន្តរជាតិស្ដីពី «រដ្ឋបាលនវានុវត្តន៍ និងរដ្ឋតាមបែប Neo-Weberian៖ ទស្សនវិស័យថ្មី» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិតិ្តយសពីសំណាក់ លោកសាស្ត្រាចារ្យបណ្ឌិត Wolfgang Drechsler សាស្ត្រាចារ្យអភិបាលកិច្ចនៃ Tallinn University of Technology ប្រទេស Estonia, សាស្ត្រាចារ្យកិត្តិយសនៃ University College London និងជាសាស្ត្រាចារ្យរងនៅ Harvard University’s Davis Center ព្រមទាំង លោកសាស្រ្តាចារ្យបណ្ឌិត អ៊ុន ឃាង សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Northern Illinois នៃសហរដ្ឋអាម៉េរិក និងជាសាស្រ្តាចារ្យផ្នែកកិច្ចការសកល នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់គឺដើម្បីចែករំលែក និងបង្កើនការយល់ដឹងអំពីទស្សនាទាន និងគោលការណ៍នៃការរៀបចំរដ្ឋបាល ដែលមានលក្ខណៈបែបនវានុវត្តន៍ និងចូលរួមអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការកម្ពុជាសម្រាប់គាំទ្រដល់ការងារកែទម្រង់ក្នុងវិស័យសាធារណៈ។
កម្មវិធីសិក្ខាសាលានេះបានប្រព្រឹត្តទៅ នៅសាលាភូមិន្ទរដ្ឋបាលដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី មកពីតំណាងគ្រប់អង្គភាពនៃក្រសួងមុខងារសាធារណៈ តំណាងការដ្ឋានកំណែទម្រង់ទាំងបី (កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ) ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្រ្តីរាជការ សិស្សមន្រ្តី ដែលមានការអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញប្រមាណ ៩០២នាក់៕