loading

ព័ត៌មានលម្អិត

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារបណ្ណាល័យ រួមទាំងបន្ទប់ទឹកដែលជាអំណោយរបស់ប្រជាជនកូរ៉េ តាមរយៈសហព័ន្ធស្រ្តី ដើម្បីសន្តិភាពសកលលោក នៅសាលាបឋមសិក្សាគោលាប់ ស្ថិតនៅឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ

(ខេត្តក្រចេះ)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ រួមជាមួយ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំង អភិបាលរងខេត្តក្រចេះ មន្ទីរជំនាញពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី ក្រុមប្រឹក្សាស្រុក ការិយាល័យជំនាញជុំវិញស្រុក និងអាជ្ញាធរឃុំ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារបណ្ណាល័យថ្មីមួយទៀត រួមទាំងបន្ទប់ទឹកដែលជាអំណោយរបស់ប្រជាជនកូរ៉េ តាមរយៈសហព័ន្ធស្រ្តី ដើម្បីសន្តិភាពសកលលោក នៅសាលាបឋមសិក្សាគោលាប់ ស្ថិតនៅឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីនេះក៏មានការចូលរួមពីអាណាព្យាបាល លោកគ្រូ អ្នកគ្រូ-សិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោកស្រី តាកាហា ស៊ីយូកា ប្រធានសហព័ន្ធស្ត្រី ដើម្បីសន្តិភាពសកលលោកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធស្រ្តី ដើម្បីសន្តិភាពសកលលោក មានសាខាជាច្រើននៅទូទាំងសកលលោក រួមទាំងនៅក្នុងការិយាល័យអង្គការសហប្រជាជាតិ ដែលបំពេញការងារឱ្យមនុស្សជាតិសម្រេចបានសមភាពនៃពន្លឺ ដើម្បីការរស់នៅប្រកបដោយវប្បធម៌ និងសន្តិភាព ដែលរស់ដោយវប្បធម៌ និងសន្តិភាពមានន័យថា មិនត្រឹមតែរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែការទទួលបានភាពរីករាយជាមួយនឹងគុណភាពជីវិតជាក់លាក់មួយ។

លោកស្រីបន្តថា សហព័ន្ធស្ត្រីដើម្បីសន្តិភាពសកលលោក នឹងបំពេញគោលបំណងការទទួលបានភាពរីករាយជាមួយនឹងគុណភាពជីវិតជាក់លាក់មួយ សម្រាប់ពិភពលោក ហើយបណ្តាល័យដែលស្ថិតនៅចំពោះមុខនេះ គឺជាអំណោយពីសហព័ន្ធស្រ្តីដើម្បីសន្តិភាពសកលលោកប្រចាំប្រទេសកូរ៉េ ជាមួយនឹងបំណងប្រាថ្នា គឺផ្តល់ឱកាសស្មើគ្នាដល់កុមារ លោកគ្រូអ្នកគ្រូ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសិក្សារៀនសូត្រ។ ក្នុងនាមសហព័ន្ធស្រ្តីដើម្បីសន្តិភាពសកលលោកអន្តជាតិ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម យក់ ប៊ុនណា ដែលបានចូលរួមសហការ ព្រមទាំងឧបត្ថម្ភថវិកាចំនួន ២០លានរៀល បន្ថែមក្នុងការសាងសង់បណ្តាល័យផងដែរ។

ឯកឧត្តម យក់ ប៊ុនណា បានលើកឡើងថា ការអប់រំ មិនបានរើសអើងស្រទាប់ឋានៈនោះទេ គឺសម្រាប់យើងទាំងអស់គ្នាហើយសម្រាប់ពេញ១ជីវិត ការវិវត្តន៍នៃវិស័យអប់រំនៅកម្ពុជា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់កសាងនិងអភិវឌ្ឍន៍នូវធនធានប្រកបដោយគុណភាព ដើម្បីប្រជែងលើឆាកអន្តរជាតិ ដូច្នេះ ក្នុងនាមជាគ្រូ អាព្យាបាល និងខ្លួនសិស្សផ្ទាល់ត្រូវខិតខំរួមគ្នាពូនជ្រោយ ដើម្បីឲ្យគ្រាប់ពូជនេះរីកដុះដាលឡើង។ សន្តិភាពនៃការអប់រំ គឺទទួលបានពីសុខសន្តិភាពរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបុព្វការីជនជាច្រើនរូប បានផ្តល់ឱកាសដល់យើងមានភាពប្រសើរឡើងពី១ពេលទៅ១ពេល តាមរយៈការអប់រំ ហើយវិស័យអប់រំ ក៏មានការចូលរួមគាំទ្រពីដៃគូរនិងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសផងដែរ ជាក់ស្តែងបណ្ណាល័យថ្មី ១បន្ថែមទៀត ដែលកំពុងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ក៏មានការចូលរួមពីសប្បុរសជនសហព័ន្ធស្រ្តីដើម្បីសន្តិភាពសកលលោកប្រទេសកូរ៉េផងដែរ ក្នុងការជួយលើកកម្ពស់វិស័យអប់រំនៅជនបទឱ្យមានការអភិវឌ្ឍរីកចម្រើន និងមានភាពទំនើបសម្បូរបែបទៅតាមសម័យកាលឌីជីថល ហើយសូមប្រើប្រាស់និងទាញយកប្រយោជន៍ពីអគារនេះឱ្យអស់លទ្ធភាព ប្រកបដោយភាពស្រស់ស្អាតមានសណ្តាប់ធ្នាប់ ឆ្លើយតបទៅនឹងទឹកចិត្តរបស់ម្ចាស់ជំនួយនេះ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងរបស់យើងនៅក្នុងមូលដ្ឋានសហគមន៍។

ឯកឧត្តមបានបន្តថា តាមរយៈសកម្មភាពរបស់ពួកគាត់ទាំងអស់នេះ ក៏បានបង្ហាញឱ្យឃើញពីទឹកចិត្តមនុស្សធម៌ និងវប្បធម៌ចែករំលែករបស់ប្រជាជននៅលើពិភពលោក ហើយក៏សូមឱ្យទឹកចិត្តល្អប្រពៃនេះ នៅមានបន្តទៀតចំពោះកុមារនៅជនបទ។ សម្រាប់ទីតាំងនេះ មានភាពស្អាតស្រាប់ហើយ យើងគ្រាន់តែពង្រឹងការថែរក្សា និងដាំដើមឈើបន្ថែម ដើម្បីកែលម្អ និងកែប្រែទៅតាមកម្មវិធីបៃតងបន្ថែម ដើម្បីជាភាពទាក់ទាញបៃតងស្រស់ និងផាសុខភាព ដូច្នេះសូមជម្រុញលើកទឹកចិត្តឱ្យសហគមន៍ចូលរួមបង្កើតនូវកម្មវិធីសិក្សាបៃតង និងអំណាន ដើម្បីសិស្សានុសិស្សយើងទាំងអស់គ្នា និងការអភិវឌ្ឍសាលារៀនយើងទាំងអស់គ្នា៕