(ខេត្តក្រចេះ)៖ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ រួមជាមួយ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ មន្ទីរជំនាញពាក់ព័ន្ធ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី ក្រុមប្រឹក្សាស្រុក ការិយាល័យជំនាញជុំវិញស្រុក និងអាជ្ញាធរឃុំចង្ក្រង់ បានអញ្ជើញប្រារព្ធពិធីសម្ភោធអគារសិក្សា១ខ្នង មាន៣បន្ទប់ នៅសាលាបឋមសិក្សាត្រពាំងទ្រាំង ស្ថិតក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលអគារសិក្សាថ្មីនេះ ជាជំនួយសប្បុរសរបស់ប្រជាជនជប៉ុន តាមរយៈអង្គការ SAPPORO POPLAR LIONS CLUB (ជប៉ុន) ដោយមានការសម្របសម្រួលដោយលោក Negishi Tsuneji ប្រធានអង្គការជំនួយខ្មែរសតវត្សទី២១ និងលោក ហ៊ន់ ស៊ាងហុង ប្រធានអង្គការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស TDO ព្រមទាំងមានការចូលរួមថវិកាបដិភាគដោយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ផងដែរ។
ក្នុងឱកាសនេះ លោក Kagami Shogo ជំនួយការអង្គការ LIONS CLUB បានដឹកនាំប្រតិភូ និងសប្បុរសជនមកពីប្រទេសជប៉ុន ចំនួន ១៩នាក់ មកចូលរួមផ្ទាល់ក្នុងពិធីសម្ភោធនេះផងដែរ។
ទន្ទឹមនេះ ឯកឧត្តម យក់ ប៊ុនណា និងក្រុមការងារ បាននាំយកសៀវភៅសរសេរ ៤០០ក្បាល ប៊ិកខៀវ ២០០ដើម និងខ្មៅដៃ ២០០ដើម ព្រមទាំងអង្គការជប៉ុនក៏បាននាំយក
សៀវភៅ និងប៊ិក ខ្មៅដៃ ដែកខួង ជ័រលុបចំនួន ២៧០សម្រាប់ ប្រគល់ជូនសាលា សម្រាប់ចែកជូនសិស្សានុសិស្សជាង ២០០ នាក់ នៃសាលាបឋមសិក្សាត្រពាំងទ្រាំង។
ក្រៅពីអគារសិក្សាថ្មីខាងលើ អង្គការជប៉ុនក៏បានសាងសង់បន្ទប់ទឹក២ ថែមទៀតផងដែរ។