loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទរដ្ឋបាលអន្តរជាតិ សម្រាប់ឆ្នាំ២០២៣ ស្ដីពី«បរិវត្តកម្មរដ្ឋបាលសាធារណៈ ក្នុងបរិការណ៍នៃការផ្លាស់ប្ដូរសង្គមសេដ្ឋកិច្ច»

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទរដ្ឋបាលអន្តរជាតិ សម្រាប់ឆ្នាំ២០២៣ ស្ដីពី«បរិវត្តកម្មរដ្ឋបាលសាធារណៈ ក្នុងបរិការណ៍នៃការផ្លាស់ប្ដូរសង្គមសេដ្ឋកិច្ច» ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ SUN & MOON Riverside និងតាមប្រព័ន្ធអនឡាញ (Microsoft Team)។

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ក្នុងការផ្តល់ឱកាសក្នុងការចែករំលែកអំពីការខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នកម្ពុជា និងក្រសួង-ស្ថាប័នបារាំង ក្នុងការងារកែទម្រង់រដ្ឋ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ទៅនឹងការផ្លាស់ប្តូរសង្គមសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលបណ្តាលមកពីផលប៉ះពាល់ពីការគម្រាមកំហែងមួយចំនួនដូចជាវិបត្តិសុខភាពពីជម្ងឺកូវីដ១៩ បញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែន និងតម្រូវការដែលចេះតែកើនឡើងទៅៗរបស់ប្រជាពលរដ្ឋ។ សន្និសីទនេះត្រូវបានអញ្ជើញចូលរួមដោយ៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ព្រមទាំងវាគ្មិនកិត្តិយស អ្នកសម្របសម្រួលវេទិកា និងសិក្ខាកាមកម្ពុជានិងបារាំងផងដែរ ដោយបានអញ្ជើញមកផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដែលមានតួនាទីជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលជាពិសេសមកពីក្រសួងមុខងារសារណៈកម្ពុជា និងក្រសួងកំណែទម្រង់និងមុខងារសាធារណៈបារាំង ព្រមទាំងសាស្ត្រាចារ្យ គ្រូបង្គោល មន្ត្រីរាជការ និងសិស្សមន្ត្រី ប្រមាណជាង៣០០នាក់។