(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញធ្វើបាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សេវាសាធារណៈរបស់ក្រសួង» ជូនដល់សិក្ខាកាមជាន់ខ្ពស់ (វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៣) ដែលបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគាពិភពលោក (World Bank) ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការដើម្បីគាំទ្រ និងអភិវឌ្ឍសមត្ថភាពលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដល់មន្ត្រីជាន់ខ្ពស់កម្ពុជា។
តាមរយៈសុន្ទរកថា និងប្រសាសន៍ថ្លែងអំណរគុណរបស់ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា៖ ក្នុងនាមឯកឧត្ដមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានទទួលការអនុញ្ញាត និងវត្ដមានចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញធ្វើបាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សេវាសាធារណៈរបស់ក្រសួង» ជូនដល់សិក្ខាកាមដែលជាមន្ត្រីជាន់ខ្ពស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជំនាន់ទី៣ នៃសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្ដម ក៏បានបញ្ជាក់បន្ថែមទៀតថា៖ វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក (World Bank) ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ ក្នុងគោលបំណងគាំទ្រ និងអភិវឌ្ឍចំណេះដឹង ជំនាញ និងផ្តល់នូវឱកាសបណ្តុះបណ្តាល ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសមត្ថភាពពិតប្រាកដរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា។ កន្លងមក សាលាភូមិន្ទរដ្ឋបាលបានរៀបចំវគ្គបណ្តុះបណ្តាលនេះ ជូនដល់សិក្ខាកាមជាន់ខ្ពស់ បានចំនួនពីរជំនាន់មកហើយ ដែលមានតំណែងចាប់ពីកម្រិត អគ្គនាយករង អគ្គនាយក អភិបាលរងខេត្ត អភិបាលខេត្ត រហូតដល់កម្រិតរដ្ឋលេខាធិការនៃក្រសួង-ស្ថាប័ន។
ចំពោះជំនាន់ទី៣ នាពេលបច្ចុប្បន្ន សិក្ខាកាមដែលចូលរួមគឺមានមុខតំណែងដូចជា៖ ប្រធាននាយកដ្ឋាន អភិបាលក្រុង ស្រុក នាយករដ្ឋបាល ឬមុខតំណែងប្រហាក់ប្រហែល នៃក្រសួង-ស្ថាប័ន ចំនួន ៣១ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២៥រាជធានី-ខេត្ត។
ជាចុងក្រោយ ឯកឧត្ដម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តល់បាឋកថានាពេលនេះ ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលសហការ និងសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សានេះ ប្រកបដោយភាតរភាព និងក្តីសោមនស្ស ជាមួយក្រុមការងារគម្រោងបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ដែលមាន លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមការងារ ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ជាសមាជិកក្រុមកាងារផងដែរ៕