(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អមដោយ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរនិងយុវជនឃុំដារ បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតងរបស់សាលាភូមិន្ទរដ្ឋបាល ដោយជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិដារ ឃុំដារ ស្រុកចិត្របុរី និងបាននាំយកនូវឫស្សីទំពាំងផ្អែម ចំនួន ២៧៥ដើម ដែលទទួលបានការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចែកជូនប្រជាពលរដ្ឋ ២២៧នាក់ តំណាងអោយ ២២៧ខ្នងផ្ទះ នៅក្នុងភូមិដារ និង៥០ដើម សម្រាប់ដាំក្នុងបរិវេណវត្តដារ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ ផ្តល់ជូនសូឡា ២ឈុត(អំពូលសូឡានិងបង្គោល) ជូនសាលាឃុំដារ សម្រាប់ដាក់បំភ្លឺនៅសងខាងក្បាលស្ពានមុខមណ្ឌលសុខភាពដារ។
សូមបញ្ជាក់ផងដែរថា កាលថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២២ ក៏មានការចុះអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតងរបស់សាលាភូមិន្ទរដ្ឋបាល ដោយបាននាំយកនូវឫស្សីទំពាំងផ្អែម ១៣៤០ដើម ដែលទទួលបានការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅចែកជូនប្រជាពលរដ្ឋនៅ៤ភូមិ(ភូមិចំរើននៃឃុំថ្មី ភូមិថ្មគ្រែកណ្តាលនៃឃុំថ្មគ្រែ ភូមិល្អកនៃឃុំថ្មអណ្តើក និងភូមិព្រែកតាអាំនៃឃុំបុសលាវ)៕