loading

ព័ត៌មានលម្អិត

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់បាឋកថា Online ស្តីពី « កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ » ជូនដល់ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ និងកម្មសិក្សាការី ឆ្នាំ២០២០ របស់សាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់បាឋកថា Online ស្តីពី « កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ » ជូនដល់ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការ ក្នុងឆ្នំា២០២០ ដែលមកពីបណ្តាក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តាមរយៈមតិស្វាគមន៍ ក្នុងពិធីបាឋកថា ថា ឆ្នាំ២០២០ នេះ សាលាភូមិន្ទរដ្ឋបាល បានបណ្តុះបណ្តាល សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ កម្មសិក្សាការីវគ្គវិក្រឹត្យការ មន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការ មានរយៈពេល ៩ខែ ព្រមទាំងវគ្គខ្លី មាន៖
វគ្គបណ្តុះបណ្តាលមន្រ្តីបរិស្ថាន វគ្គនវានុវត្តន៍ វគ្គជំនាញរដ្ឋបាលសាធារណៈ វគ្គគ្រប់គ្រងអង្គភាពសាធារណៈ និងវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ជូនថា សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែល កម្ពុជាទទួលបាន
ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយជាពិសេស ជំរុញឱ្យមានការចូលរួម និងគិតគូរខ្ពស់លើកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ សម្រាប់ប្រជាជនយើងគ្រប់រូប និងគ្រប់ជំនាន់ ហើយ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា ពីការទទួលស្គាល់ នៃការប្រែប្រួលឥរិយាបទរបស់សាធារណជន ចំពោះកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព និងទទួលបានការវាយតម្លៃខ្ពស់ ពីដៃគូពាក់ព័ន្ធក៏ដូចជាសាធារណជន
ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយគ្នានោះផងដែរ ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់ ការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការជាតិ
ជាពិសេស យុទ្ធសាស្រ្តចតុកោណទាំង៣ដំណាក់កាលកន្លងទៅ ព្រមជាមួយការកែទម្រង់ និងការដឹកនាំរបស់ រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ៕