(ខេត្តក្រចេះ)៖ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៨-៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងសហការី បានសហការជាមួយក្រុមការងារខេត្តក្រចេះ ក្រុមការងារស្រុកចិត្របុរី និងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ប្រគេន ដល់ព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សានៅក្នុងវត្តទាំង២៨ និងសាលាឆទានចំនួន២ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម បានផ្តល់នូវ សឡា ចំនួន១០ដើម ជូនដល់ ឃុំសំបុក បានចុះពិនិត្យទីតាំងសាងសង់ សាលាបឋមសិក្សាត្រពាំងទ្រាំង ឃុំចង្ក្រង់ និងបានផ្តល់ថវិកាសម្រាប់ទិញដីសាងសង់ បានចុះពិនិត្យព្រៃសហគមន៍ចង្ក្រង់ ដោយផ្តល់ថវិកា ២លានរៀលសម្រាប់ការការពារព្រៃសហគមន៍នេះ និងបានជួបសួរសុខទុក្ខ លោកតា លោកយាយ ដែលមានអាយុចាប់ពី ៨០ឆ្នាំ រហូតដល់ ១០១ឆ្នាំ ចំនួន ៣៦នាក់ នៅក្នុង ឃុំកោះច្រែង ដោយមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនសម្រាប់ជូនដល់ចាស់ៗផងដែរ៕