loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាបុណ្យភូមិសង្កែឡាក់ និងចែកអំណោយជូន ប្រជាពលរដ្ឋក្រីក្រ

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ
និងជានាយកសាលាភូមិន្ទរដ្ឋបាល និង ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប
បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាបុណ្យភូមិសង្កែឡាក់
និងចែកអំណោយជូន ប្រជាពលរដ្ឋក្រីក្រ លោកគ្រូ អ្នកគ្រូ ប្រជាការពារ សរុបចំនួន ៧០នាក់
និងសិស្សានុសិស្សចំនួន ១០៧នាក់ ក្នុងសាលាបឋមសិក្សាសង្កែឡាក់ ដែលរៀបចំដោយ
កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ វេនព្រឹក។
ជាធម្មតានៅក្នុងកម្មវិធីសិក្សាក្នុងវគ្គបណ្តុះបណ្តាលនីមួយៗ
តែងតែមានការអនុវត្តសកម្មភាពការងារសង្គមទៅតាមថ្នាក់រៀងខ្លួន
និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងសាលា និងអាជ្ញាធរមូលដ្ឋាន
ជាក់ស្តែងដូចជាកម្មវិធីដែលយើងបានរៀបចំឡើងនាព្រឹកនេះ។
កម្មវិធីសង្គមដែលកម្មសិក្សាការី បានអនុវត្តកន្លងមករួមមាន៖
ការចូលរួមជាមួយនឹងសាលាភូមិន្ទរដ្ឋបាល និងកម្មសិក្សាការីរួមជំនាន់, សកម្មភាព
មនុស្សធម៌ផ្សេងៗ, សកម្មភាពជាមួយនឹងពុទ្ធសាសនា។
នាឱកាសក្នុងពិធីនាព្រឹកនេះគឺជាសកម្មភាពការងារសង្គមមួយជូនប្រជាជននៅក្នុងភូមិស
ង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប តាមរយៈការសាងសង់សាលាបុណ្យ មានទំហំ
៨១ម៉ែត្រការ៉េ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៧០នាក់
វត្ថុអនុស្សាវរីយ៍មួយចំនួនជូននាយក នាយករង លោកគ្រូ អ្នកគ្រូ
និងសម្ភារសិក្សាជូនសិស្សានុសិស្សចំនួន ១០៧នាក់
កំពុងសិក្សានៅក្នុងសាលាបឋមសិក្សាសង្កែឡាក់។
សរុបការចំណាយសកម្មភាពសង្គមស្មើនឹងចំនួន ៧០,៦១៨,៩៧៧ រៀល និង ៨,១១៤
ដុល្លារអាម៉េរិក។ ការចំណាយទាំងអស់នេះ គឺកើតចេញពីការឯកភាពគ្នា មូលមតិគ្នា
សាមគ្គីភាពផ្ទៃក្នុង និងការចូលរួមជាថវិកាពីកម្មសិក្សាការីទាំង៣៨អង្គ/នាក់
ជាកម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ វេនព្រឹក។