loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញចូលរួមផ្តល់មតិស្វាគមន៍បើកកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ – បទពិសោធន៍កម្ពុជា”

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលាជាតិគយ

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមផ្តល់មតិស្វាគមន៍បើកកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ – បទពិសោធន៍កម្ពុជា” ដែលក្នុងនោះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសៀវភៅដ៏មានតម្លៃនេះ ដែលបានចងក្រងបទពិសោធន៍រយៈពេល ២០ឆ្នាំ របស់កម្ពុជាក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានក្លាយជាឯកសារជំនួយស្មារតីបន្ថែមសម្រាប់ថ្នាក់ដឹនាំ មន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការី និងសាធារណជនទូទៅ សម្រាប់សិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសមួយចំនួនលើសាកលលោក។ លើសពីនេះ ឯកឧត្តម បានចាត់ទុកកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះជាសកម្មភាពដ៏ថ្លៃថ្លាក្នុងការជួយជម្រុញ និងពង្រឹងដំណើរការនៃវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ ក្រោមមគ្គុទេសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការង នៃ អ.គ.ហ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សមន្រ្តី និងកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៤០០អង្គនាក់៕