(ភ្នំពេញ-ប៉ារីស)៖ នាថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានទទួលជួបពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយលោក Ferdinand Melin-Soucramanien ប្រធានក្រុមប្រឹក្សារដ្ឋបាល នៃវិទ្យាស្ថានជាតិសេវាសាធារណៈ (Institut National du Service Public – INSP) ដែលជាអតីតសាលាជាតិរដ្ឋបាលបារាំង (ex-ENA) ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងស្ថាប័នជ្រើសរើស និងបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរថែមទៀត ស្របតាមគន្លងនៃប្រក្រតីភាពថ្មី។
ដោយផ្សារភ្ជាប់នឹងឡាហ្វ្រង់កូហ្វូនី ជំនួបនេះត្រូវបានផ្តួចផ្តើមរៀបចំ និងសម្របសម្រួលផ្ទាល់ដោយលោកសាស្រ្តាចារ្យ Laurent SERMET នាយកទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (AUF) ចំពោះសាលាភូមិន្ទរដ្ឋបាល ក្នុងឋានៈជាសមាជិកមួយដែលមានសាវតា និងលក្ខណៈពិសេសដាច់ដោយឡែកពីគ្រឹះស្ថានសមាជិកផ្សេងៗទៀត។
ក្នុងជំនួបនេះ មានការចូលរួមពីលោក Alexandre TRAN អ្នកទទួលបន្ទុកគម្រោងអន្តរជាតិប្រចាំតំបន់របស់ INSP, លោក អ៊ឹម ក្រាវង្ស អ្នកទទួលបន្ទុកការិយាល័យជាតិ AUF ប្រចាំនៅប្រទេសកម្ពុជា និងអស់លោក លោកស្រីជាសមាជិកក្រុមការងារហ្វ្រង់កូហ្វូនីប្រចាំសាលាភូមិន្ទរដ្ឋបាលផងដែរ។