(ខេត្តក្រចេះ)៖ កាលពីព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីការងារសង្គមរបស់កម្មសិក្សាការីមន្ត្រីក្រមការ ឆ្នាំ២០២២ ក្រោមប្រធានបទ «សហគមន៍បៃតង» និងចុះពិនិត្យសមិទ្ធផលនានា និងបើកយុទ្ធនាការសហគមន៍បៃតងដាំកូនឫស្សីផ្អែមចំនួន ១០០០ដើម នៅក្នុងទីតាំងសាលាបឋមសិក្សាត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានព្រមទាំងមានការអញ្ចើញចូលរួមពីសំណាក់ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សប្រមាណជាង ៥០០នាក់។
ក្នុងយុទ្ធនាការសហគមន៍បៃតងនេះដែរ ឯកឧត្តមនាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញដឹកនាំកម្មសិក្សាការីមន្ត្រីក្រមការ ឆ្នាំ២០២២ និងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៃសាលាបឋមសិក្សាត្រពាំងទ្រាំងទាំងអស់ ដាំកូនឫស្សីផ្អែមចំនួន ១០០០ដើម នៅក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងទ្រាំង និងបានចែកពូជកូនឫស្សីផ្អែមដល់ប្រជាពលរដ្ឋ ក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះផងដែរ។
បន្ទាប់ពីដាំកូនឫស្សីផ្អែមរួចមក ឯកឧត្តមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងទ្រាំងដែលជាទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនក៏ដូចជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ អតីតកម្មសិក្សាការី និងសិស្សមន្ត្រីជំនាន់មុនផងដែរ។
ឯកឧត្តមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានមានប្រសាសន៍បញ្ជាក់ថា ទីតាំងសាលានេះ គឺជាទីតាំងថ្មី បន្ទាប់ពី ឯកឧត្តម ជាមួយក្រុមការងារ បានធ្វើការប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន ទៅលើការសម្រេចផ្លាស់ប្ដូរទីតាំងសាលាត្រពាំងទ្រាំងចាស់ នាពេលកន្លងមក។ តាមរយៈមូនិធិកម្មវិធី មនុស្សធម៌ ដើម្បីការងារសង្គមនៃសាលាភូមិន្ទរដ្ឋបាល បានផ្ដល់ទីតាំងថ្មីនូវចំនួនផ្ទៃដីទំហំ ៣.២០ហិកតា ដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងបានសាងសង់អគារស្នាក់នៅសម្រាប់គ្រូបង្រៀន ១ខ្នង មានចំនួន ៧បន្ទប់ បន្ទប់ទឹក២ ស្រះទឹក ១កន្លែង អណ្តូងទឹក១ និងអគ្គីសនីប្រើប្រាស់ដោយពន្លឺព្រះអាទិត្យ ឬ ផ្ទាំងសូឡា ដែលបច្ចុប្បន្នសាងសងរួចរាល់ជាស្ថាពរ។
ឯកឧត្តម បានបញ្ជាក់បន្ថែមដែរថា នេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍនៅក្នុងសហគមន៍ទាំងមូលឲ្យកាន់តែរីកចម្រើន។
ជាចុងក្រោយ ឯកឧត្តមនាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងកម្មសិក្សាការីមន្ត្រីក្រមការ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចែកជូននូវសម្ភារសិក្សាមួយចំនួនដល់ក្មួយៗសិស្សានុសិស្សនៃសាលាបឋមសិក្សាត្រពាំងទ្រាំងទាំងអស់ មានដូចជា កាតាបដាក់សម្ភារសិក្សា សៀវភៅ ប៊ិក ខ្មៅដៃ និងសម្ភារសម្រាប់ប្រគល់ជូនទីចាត់ការរួមមាន
សៀវភៅពុម្ព សៀវភៅកត់ត្រា សៀវភៅរឿងនិទាន
រូបភាពបិទជញ្ជាំង សម្ភារការិយាល័យ និងបន្ទះសូឡាចំនួន ៥បន្ទះ ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់ លោកគ្រូ អ្នកគ្រូម្នាក់ៗ ៣០០០០រៀល និងអ្នកគ្រូដែលមានផ្ទៃពោះម្នាក់ៗ ១០០០០០រៀងផងដែរ៕