loading

ព័ត៌មានលម្អិត

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ផ្តល់បាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល អមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីក្រោមឱវាទជាច្រើនរូបទៀត បានអញ្ជើញផ្តល់បាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល។ កម្មវិធីនេះត្រូវបានធ្វើឡើង នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ Microsoft Team ពីសំណាក់គណៈគ្រប់គ្រងសាលា សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ឆ្នាំ២០២២ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល។

តាមរយៈមតិស្វាគមន៍របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា (បាឋកថា) គឺជាផ្នែកដ៏សំខាន់មួយក្នុងក្របខណ្ឌនៃកម្មវិធីបណ្តុះបណ្តាលដំបូង និងបន្ត របស់សាលាភូមិន្ទរដ្ឋបាល ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់សិស្សមន្ត្រី-កម្មសិក្សាការី ព្រមទាំងមន្ត្រីរាជការ អំពីចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តន៍លើការងារកំណែទម្រង់ និងការអនុវត្តគោលនយោបាយសាធារណៈ តាមរយៈការចែករំលែកដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមគណៈគ្រប់គ្រង មន្រ្តីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការី ទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចំណាយពេលដ៏មានតម្លៃនិងមមាញឹករបស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសូមចាត់ទុក បាឋកថា ថ្ងែនេះជាសកម្មភាពជួយជម្រុញ និងពង្រឹងដំណើរការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕