loading

ព័ត៌មានលម្អិត

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញធ្វើបទបាឋកថាស្ដីពី «ភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ»

(រាជធានីភ្នំពេញ)៖  នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញធ្វើបទបាឋកថាស្ដីពី «ភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ» ជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាមជាន់ខ្ពស់ ជំនាន់ទី២ និងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល។

តាមរយៈមតិស្វាគមន៍របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា៖ ក្នុងនាមសាលាភូមិន្ទរដ្ឋបាល ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលវត្ដមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដែលបានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ក្នុងការផ្តល់បាឋកថាស្តីពី «ភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ» ក្នុងក្របខណ្ឌវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជំនាន់ទី២  ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក  ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ ក្នុងគោលបំណងគាំទ្រ និងអភិវឌ្ឍសមត្ថភាពលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់មន្ត្រីជាន់ខ្ពស់កម្ពុជា ដែលជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ សម្របសម្រួល និងអនុវត្តកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាល ចាប់ពីកម្រិតអគ្គនាយក អគ្គនាយករង អភិបាល អភិបាលរងខេត្ត រហូតដល់កម្រិតរដ្ឋលេខាធិការ នៃក្រសួង-ស្ថាប័ន ចំនួន៣១។

លើសពីនេះ ខ្ញុំសូមចាត់ទុកការចូលរួមចំណែករបស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដែលបានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ក្នុងការផ្តល់បាឋកថានាពេលនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លា ក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាល នៃសាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ប្រកបដោយឧត្តមប្រយោជន៍ជាតិមាតុភូមិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា៕