loading

ព័ត៌មានលម្អិត

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

យោងកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ និងធនគារពិភពលោក បានសហការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមានសមាសភាពចូលរួមពីតំណាងស្ថានទូតអូស្រ្តាលី សហភាពអឺរ៉ុប ធនគារពិភពលោក សិក្ខាកាមជាមន្រ្តីជាន់ខ្ពស់ជំនាន់ទី១ និងជំនាន់ទី២ សរុបប្រមាណ ២៩៦នាក់ ពីក្រសួង-ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ សិក្ខាកាមចូលរួមជាមន្រ្តីជាន់ខ្ពស់ ចាប់ពីអគ្គនាយករង រហូតដល់រដ្ឋលេខាធិការ នៃក្រសួង-ស្ថាប័ន និងអភិបាលរង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។

ឯកឧត្តម បានថ្លែងអំណរគុណដល់ធនាគារពិភពលោក សហភាពអ៊ឺរ៉ុប និងវិទ្យាស្ថានទូតអូស្រ្តាលី ដែលបានសហការជាមួយសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ រៀបចំកម្មវិធី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដើម្បីគាំទ្រ និងអភិវឌ្ឍសមត្ថភាពមន្ត្រីជាន់ខ្ពស់ ដែលជាអ្នកផ្តួចផ្តើមគន្លឹះ នៅក្នុងវិស័យកែទម្រង់សំខាន់ៗនានា ក្នុងក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

គោលបំណងសំខាន់នៃកម្មវិធីនេះគឺផ្តល់ការគាំទ្រចំណេះដឹង និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រងអំពីការផ្លាស់ប្តូរនៃអង្គភាព និងអំពីរបៀបធ្វើឲ្យកន្លែងធ្វើការប្រកបដោយ កិច្ចសហការល្អ និងបង្កើនផលិតភាពខ្ពស់ជាងមុន ហើយផ្តល់ធនធានចាំបាច់នានា ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាមន្ត្រីរាជការ កម្រិតខ្ពស់ នៅតាមក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាលទ្ធផលវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញជំនាន់ទី១ មានសិក្ខាកាមបញ្ចប់វគ្គសរុបចំនួន ១៤៦នាក់ (ស្រីចំនួន២២នាក់) ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មានឋានៈចាប់ពីអគ្គនាយករង រហូតដល់រដ្ឋលេខាធិការពីក្រសួង-ស្ថាប័នចំនួន២៧។ ដោយឡែក វគ្គបណ្តុះបណ្តាលជំនាន់ទី២ ដែលទើបបើកវគ្គនាពេលនេះ គឺមានសិក្ខាមសរុបចំនួនប្រមាណ១៥០នាក់ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាអគ្គនាយករង រហូតដល់រដ្ឋលេខាធិការតាមក្រសួង-ស្ថាប័ន ព្រមទាំងមានការចូលរួមផងដែរពី អភិបាល ឬអភិបាលរងនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥៕